(ការ៉ាកាស)៖ ប្រទេសវ៉េណេស៊ុយអេឡា បានលុបចោលលិខិតឆ្លងដែនរបស់អ្នកកាសែត និងសកម្មជនជាច្រើននាក់ ចាប់តាំងពីប្រធានាធិបតី លោក Nicolas Maduro អះអាងពីជ័យជម្នះក្នុងការបោះឆ្នោតឡើងវិញ ដោយក្រុមសិទ្ធិមនុស្សនិយាយថា វាជាយុទ្ធនាការគាបសង្កត់កាន់តែខ្លាំង ប្រឆាំងនឹងបេក្ខជនប្រធានាធិបតី ដែលជាគូប្រជែងរបស់លោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ ២០២៤។
ផ្អែកលើប្រភពពីក្រុមសិទ្ធិមនុស្ស Laboratorio de Paz មានមូលដ្ឋានក្នុងទីក្រុងការ៉ាកាស ថ្មីៗនេះ កាសែតអាមេរិក Financial Times បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្សចំនួន ៤០នាក់ ភាគច្រើនជាអ្នកកាសែត និងសកម្មជនសិទ្ធិមនុស្ស ត្រូវបានគេលុបចោលលិខិតឆ្លងដែន ដោយគ្មានការពន្យល់។ អ្នកខ្លះ ត្រូវអាជ្ញាធររឹបអូសលិខិតឆ្លងដែន នៅឯអាកាសយានដ្ឋាន ក្នុងប្រទេសវ៉េណេស៊ុយអេឡា ក៏មាន។ Financial Times បានឱ្យដឹងទៀតថា អ្នកដែលត្រូវបានលុបចោលលិខិតឆ្លងដែន ទំនងជាមានច្រើនជាងនេះ ប៉ុន្តែគេមិនបានដឹង ដោយសារតែប្រជាជនវ៉េណេស៊ុយអេឡាភ័យខ្លាច ក្នុងការរាយការណ៍។ ជុំវិញសេចក្តីរាយការណ៍នេះ ក្រុមសិទ្ធិមនុស្ស Laboratorio de Paz មិនទាន់ចេញមកបញ្ជាក់នោះទេ។
គួរបញ្ជាក់ថា សេចក្តីរាយការណ៍នេះ កើតមានឡើងបន្ទាប់ពី លោក Maduro បន្តការកាន់តំណែងជាប្រធានាធិបតីវ៉េណេស៊ុយអេឡា ក្រោយការប្រកាសទទួលស្គាល់ពីអាជ្ញាធរ និងតុលាការ ប៉ុន្តែក្រុមប្រឆាំងចាត់ទុកលទ្ធផលបោះឆ្នោតដ៏ចម្រូងចម្រាស់ កាលពីខែកក្កដានេះ ថាមានការក្លែងបន្លំ៕