(មូស្គូ)៖ ស្នងការសិទ្ធិមនុស្សរុស្ស៉ី លោកស្រី Tatyana Moskalkova បាននិយាយថា ប្រជាជនប្រហែល៣០,៤១៥នាក់ ក្នុងនោះរួមមានកុមារជិត៨,០០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់ ដែលស្ថិតនៅជាប់ព្រំប្រទល់ជាមួយអ៊ុយក្រែន ដោយសារតែការបាញ់ផ្លោង និងការវាយប្រហារផ្សេងៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០២៤។
លោកស្រី Moskalkova បានបន្ថែមទៀត អ្នកជម្លៀសខ្លួនទាំងនោះ ត្រូវបានដាក់ឱ្យស្ថិតនៅតាមមជ្ឈមណ្ឌលជ្រកកោនបណ្តោះអាសន្ន ជិត១,០០០កន្លែង នៅពាសពេញប្រទេសរុស្ស៉ី។ អ៊ុយក្រែនដែលកំពុងបន្តស្ថិតក្រោមសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក បានធ្វើសកម្មភាពសងសឹកតបតទៅវិញ តាមរយៈការបាញ់ផ្លោង និងការវាយប្រហារ ក្នុងទម្រង់ផ្សេងៗ លើតំបន់ព្រំដែនរបស់រុស្ស៉ី។ កាលពីខែសីហា កងកម្លាំងអ៊ុយក្រែន បានវាយលុកចូលតំបន់ Kursk នៅភាគខាងលិចរុស្ស៉ី។
គួរបញ្ជាក់ថា ភាគីទាំងសងខាងបានបដិសេធ កំណត់គោលដៅវាយប្រហារលើជនស៉ីវិល ប៉ុន្តែប្រជាជនរាប់ពាន់បានបាត់បង់ជីវិត ក្នុងសង្រ្គាម ខណៈភាគច្រើនជាជនជាតិអ៊ុយក្រែន។ បើតាមលោកស្រី Moskalkova លោកស្រី បានចុះសួរសុខទុក្ខឈ្លើយសឹកអ៊ុយក្រែនជាង២,០០០នាក់ នៅរុស្ស៉ី ហើយការចុះសួរសុខទុក្ខស្រដៀងគ្នា ក៏ត្រូវបានធ្វើឡើងផងដែរ ដោយសមភាគីរបស់លោកស្រី នៅអ៊ុយក្រែន ចំពោះអ្នកទោសសង្រ្គាមរុស្ស៉ី៕