(ព្រុចសែល)៖ ប្រធានគោលនយោបាយការបរទេស លោក Josep Borrell បាននិយាយថា សហភាពអឺរ៉ុប (EU) ថ្កោលទោសចំពោះការវាយប្រហារ ប្រឆាំងនឹងបេសកកម្មរបស់អង្គការសហប្រជាជាតិ (UN) ដូចករណីកំណត់គោលដៅ លើកងកម្លាំងបណ្តោះអាសន្ន របស់អង្គការសហប្រជាជាតិ នៅលីបង់ (UNIFIL) ពីសំណាក់កងទ័ពអ៉ីស្រាអែល ជាដើម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ ២០២៤។
ក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីយប់ថ្ងៃអាទិត្យ លោក Borrell គូសបញ្ជាក់ថា «ការវាយប្រហារលើកងរក្សាសន្តិភាព UN គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ នៃច្បាប់អន្តរជាតិ ហើយពិតជាមិនអាចទទួលយកបានទេ។ វាត្រូវតែបញ្ឈប់ជាបន្ទាន់»។ លោក Borrell បានបន្ថែមថា «តួអង្គទាំងអស់ ក្នុងជម្លោះមានកាតព្វកិច្ចធានាសុវត្ថិភាព និងសន្តិសុខរបស់បុគ្គលិក ក៏ដូចជាទ្រព្យសម្បត្តិ UN។ យើងរង់ចាំការពន្យល់ និងការស៉ើបអង្កេតហ្មត់ចត់ ពីអាជ្ញាធរអ៉ីស្រាអែល ជុំវិញការវាយប្រហារលើកងរក្សាសន្តិភាព UNIFIL ដែលកំពុងដើរតួនាទីជាមូលដ្ឋាន ក្នុងការរក្សាស្ថិរភាព នៅភាគខាងត្បូងនៃប្រទេសលីបង់»។
គួរបញ្ជាក់ថា អ៉ីស្រាអែល បាននិងកំពុងមានបញ្ហាជាមួយ UN ជុំវិញឧប្បត្តិហេតុពាក់ព័ន្ធនឹងកងរក្សាសន្តិភាព UNIFIL នៅលីបង់ ហើយថ្មីៗនេះ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា ពួកគេកំពុងផ្តល់ខែលការពារ ដល់ក្រុមហេសបូឡា៕