(ព្រុចស៊ែល)៖ សហភាពអឺរ៉ុប (EU) នៅថ្ងៃចន្ទនេះបានសម្រេចដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៧នាក់ និងអង្គភាពចំនួន ៧ របស់អ៊ីរ៉ង់ ដែលជាប់ពាក់ព័ន្ធនឹងការផ្គត់ផ្គង់មីស៊ីលផ្លោងទៅឱ្យរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤។
ក្នុងចំណោមអង្គភាព និងបុគ្គលដែលត្រូវបានដាក់ទណ្ឌកម្ម រួមមានក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ចំនួន ៣ គឺ Saha Airlines, Mahan Air និង Iran Air និងអនុរដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Seyed Hamzeh Ghalandari។ ការដាក់ទណ្ឌកម្មនេះ ធ្វើឡើងដោយសារតែ EU មានការព្រួយបារម្ភ អំពីការគាំទ្ររបស់អ៊ីរ៉ង់ចំពោះសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។
ប្រទេសលោកខាងលិច បានចោទប្រកាន់អ៊ីរ៉ង់ថា បានរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលហាមឃាត់ការផ្ទេរមីស៊ីលផ្លោង និងដ្រូនទៅឱ្យរុស្ស៊ី សម្រាប់ការប្រើប្រាស់ក្នុងការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន។
ទោះជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់បានបដិសេធការចោទប្រកាន់ទាំងនេះ ដោយបានអះអាងថា ខ្លួនគ្រាន់តែមានទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មធម្មតា ជាមួយរុស្ស៊ី ហើយមិនបានផ្តល់ជំនួយយោធាណាមួយដល់រុស្ស៊ីទេ។ អ៊ីរ៉ង់ ក៏បានរិះគន់ការដាក់ទណ្ឌកម្មរបស់ EU ថាជាអំពើអយុត្តិធម៌ និងជាការជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន៕