(តៃប៉ិ)៖ នៅថ្ងៃអង្គារ ទី១៥ ខែតុលានេះ ចិន បានបិទបញ្ចប់សមយុទ្ធយោធារបស់ខ្លួន នៅជុំវិញកោះតៃវ៉ាន់ហើយ ប៉ុន្តែប្តេជ្ញាចាត់វិធានការថែមទៀតប្រឆាំងតៃវ៉ាន់ ប្រសិនបើចាំបាច់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីបញ្ជាការភូមិភាគខាងកើតរបស់យោធាចិន បានឱ្យដឹងថា សមយុទ្ធ «Joint Sword-2024B» នៅច្រកសមុទ្រតៃវ៉ាន់ និងតំបន់នៅភាគខាងជើង ខាងត្បូង និងខាងកើតនៃកោះតៃវ៉ាន់ បានចប់សព្វគ្រប់ហើយ។ យ៉ាងនេះក្តី ក្រសួងការពារជាតិចិន បានចេញការព្រមានថា សមយុទ្ធទាំងនេះ មិនមែនជាការធ្វើសមយុទ្ធ «Joint Sword-2024A» កាលពីខែឧសភា ម្តងទៀតនោះទេ ប៉ុន្តែវាមានបន្ថែមនូវរបៀបប្រឆាំងនឹង ការចង់បានឯករាជ្យភាពរបស់តៃវ៉ាន់ ហើយនៅមានសកម្មភាពច្រើនទៀត ដែលអាចកើតឡើង។ តាមសេចក្តីថ្លែងការណ៍របស់ក្រសួង «សកម្មភាពរបស់កងទ័ពរំដោះប្រជាជនចិន (PLA) នឹងត្រូវជំរុញបន្ថែមដោយការញុះញង់ណាមួយ ទាក់ទងនឹងឯករាជ្យភាពរបស់តៃវ៉ាន់ រហូតទាល់បញ្ហាតៃវ៉ាន់ ត្រូវបានដោះស្រាយទាំងស្រុង»

គួរបញ្ជាក់ថា ចិន បានដឹកនាំការធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ជាមួយការបញ្ជូនយន្ដហោះ និងនាវាចម្បាំងដើម្បីហាត់សមឡោមព័ទ្ធ កោះតៃវ៉ាន់ និងជាសមយុទ្ធទ្រង់ទ្រាយធំជាលើកទី៤ ក្នុងពេលពេល២ឆ្នាំមកនេះ៕