(តៃប៉ិ)៖ នៅថ្ងៃអង្គារនេះ តៃវ៉ាន់បានរាយការណ៍ពី ការប្រទះឃើញយន្តហោះយោធាចិនសរុប ១៥៣គ្រឿង ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន នៅក្បែរដែនកោះនេះ បន្ទាប់ពីចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ រយៈពេល១ថ្ងៃ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០២៤។
ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះយោធាចិនទាំងអស់នោះ ត្រូវបានប្រទះឃើញ ក្នុងចន្លោះពេល២៥ម៉ោង គិតត្រឹមម៉ោង៦ព្រឹកថ្ងៃអង្គារនេះ ខណៈវាគឺជាចំនួនច្រើនបំផុតមិនធ្លាប់មានពីមុនមកឡើយ នៃកងយន្តហោះយោធាចិន ដែលបង្ហាញវត្តមាន នៅក្បែរកោះតៃវ៉ាន់ ក្នុងរយៈពេល១ថ្ងៃ។
ចិនបាននិយាយថា សមយុទ្ធយោធា Joint Sword-2024B ត្រូវបានធ្វើឡើងនៅលើដែនទឹកនិងដែនអាកាស ភាគខាងជើង ខាងត្បូង និងខាងកើត កោះតៃវ៉ាន់ ហើយបានប្រកាសថា វាបានបិទបញ្ចប់ទៅវិញ កាលពីម៉ោង៦ល្ងាចថ្ងៃចន្ទ ក្រោយប្រព្រឹត្តទៅអស់រយៈពេលប្រមាណជា១៣ម៉ោង។ ទីក្រុងប៉េកាំងបានអះអាងថា សមយុទ្ធនោះ គឺជាសារព្រមានដ៏រឹងមាំមួយ ចំពោះសកម្មភាពរបស់ចលនាឯករាជ្យតៃវ៉ាន់ ដែលប៉ុនប៉ងចង់បំបែកដែនកោះនេះ ចេញពីប្រទេសចិន។
គួរបញ្ជាក់ថា មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te ដែលបានឡើងកាន់តំណែងកាលពីខែឧសភា ឆ្នាំនេះ ត្រូវបានប៉េកាំង ចាត់ទុកជាបុគ្គលមាននិន្នាការបំបែករដ្ឋដ៏គ្រោះថ្នាក់បំផុត។ អំឡុងការថ្លែងសារកាលពីសប្តាហ៍មុន នាឱកាសទិវាជាតិកោះតៃវ៉ាន់ លោក Lai បាននិយាយថា ចិននិងតៃវ៉ាន់ គឺមិនចំណុះឱ្យគ្នាទៅវិញទៅមកឡើយ បើទោះបីចិនចាត់ទុកតៃវ៉ាន់ ជាផ្នែកនៃទឹកដីរបស់ខ្លួនក៏ដោយ។
គួរបញ្ជាក់ថា កាលពីខែឧសភា ប៉ុន្មានថ្ងៃក្រោយលោក Lai ស្បថចូលកាន់តំណែង ចិនក៏បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ ហៅថា Joint Sword-2024A ផងដែរ៕