(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃអង្គារនេះថា កូរ៉េខាងជើង បានចាប់ផ្តើមបំផ្ទុះកម្ទេចកំណាត់ផ្លូវថ្នល់ និងថ្លូវរថភ្លើង ដែលតភ្ជាប់រវាងប្រទេសកូរ៉េទាំងពីរ នៅឯខាងព្រំប្រទល់របស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០២៤។
វាជាការអនុវត្តការសន្យារបស់ទីក្រុងព្យុងយ៉ាង ដែលបានប្រកាសកាលពីសប្តាហ៍មុនថា នឹងកាត់ផ្តាច់ទាំងស្រុងនូវផ្លូវថ្នល់ និងផ្លូវដែកអន្តរកូរ៉េទាំងអស់ ហើយពង្រឹងការការពារបន្ថែមទៀត នៅតំបន់ព្រំប្រទល់ជាប់ជាមួយកូរ៉េខាងត្បូង។ យោងតាមយោធាកូរ៉េខាងត្បូង អស់រយៈពេលជាច្រើនខែមកហើយ កូរ៉េខាងជើងបានដំឡើងគ្រាប់មីនរាប់ពាន់គ្រាប់ និងរនាំងការពារបន្ថែម តាមបណ្តោយព្រំដែន។
គួរបញ្ជាក់ថា ផ្លូវឆ្លងព្រំដែនទាំងនោះ គឺត្រូវបានបន្សល់ទុកពីសម័យកាល នៃការព្យាយាមផ្សះផ្សាទំនាក់ទំនងរវាងកូរ៉េទាំងពីរ រួមមានទាំងកិច្ចប្រជុំកំពូលកាលពីឆ្នាំ២០១៨ នៅពេលមេដឹកនាំកូរ៉េខាងជើង និងកូរ៉េខាងត្បូង បានរួមគ្នាប្រកាសថា នឹងគ្មានសង្រ្គាមទៀតឡើយ ហើយយុគសម័យថ្មីនៃសន្តិភាព ត្រូវបានបើកទ្វារ។ បើតាមបច្ចេកទេស អាចនិយាយបានថា ប្រទេសកូរ៉េទាំងពីរ សព្វថ្ងៃកំពុងបន្តស្ថិតក្នុងស្ថានភាពមានសង្រ្គាមជាមួយគ្នានៅឡើយ ដ្បិតសង្រ្គាមឆ្នាំ១៩៥០-១៩៥៣ បានបិទបញ្ចប់ទៅដោយត្រឹមបទឈប់បាញ់ប៉ុណ្ណោះ មិនមែនសន្ធិសញ្ញាសន្តិភាពពេញលេញទេ៕