(ម៉ានីល)៖ នៅថ្ងៃអង្គារនេះ កងម៉ារីនអាមេរិកនិងហ្វីលីពីនរាប់ពាន់នាក់ បានបើកការធ្វើសមយុទ្ធយោធា មានរយៈពេលសរុប១០ថ្ងៃ នៅភាគខាងជើង និងភាគខាងលិចនៃប្រទេសហ្វីលីពីន ហើយវាកើតឡើង នៅមួយថ្ងៃបន្ទាប់ពីចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ នៅក្បែរកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០២៤។
សមយុទ្ធយោធាប្រចាំឆ្នាំ ហៅថា Kamandag ឬ Venom គឺផ្តោតជាចម្បងទៅលើការការពារឆ្នេរភាគខាងជើង នៃកោះធំ Luzon របស់ហ្វីលីពីន ដែលស្ថិតនៅចម្ងាយប្រហែល ៨០០គីឡូម៉ែត្រ ពីកោះតៃវ៉ាន់។ ចិនចាត់ទុកតៃវ៉ាន់ ជាផ្នែកទឹកដីរបស់ខ្លួន ហើយបានប្តេជ្ញាថា នឹងបង្រួបបង្រួមគ្នាវិញ នៅថ្ងៃណាមួយ ទោះត្រូវប្រើកម្លាំងយោធាក៏ដោយ។ ទីក្រុងប៉េកាំង បាននិយាយថា សមយុទ្ធទ្រង់ទ្រាយធំ កាលពីថ្ងៃចន្ទ គឺជាសារព្រមានដ៏រឹងមាំមួយ ចំពោះចលនាប៉ុនប៉ងបំបែករដ្ឋនៅតៃវ៉ាន់។
គួរបញ្ជាក់ថា សមយុទ្ធយោធារួមខាងលើ រវាងសហរដ្ឋអាមេរិក និងប្រទេសហ្វីលីពីន គឺស្របពេលដែល ហ្វីលីពីនបានប្រឈមមុខកាន់តែខ្លាំងឡើង ជាមួយចិន ជុំវិញបញ្ហាវិវាទនៅដែនទឹក និងតំបន់ថ្មប៉ប្រះទឹក នៃសមុទ្រចិនខាងត្បូង ជាទីដែលចិនបានទាមទារសិទ្ធិកាន់កាប់ ស្ទើរតែទាំងអស់៕