(ហ៊្សេរុយសាឡិម)៖ ការិយាល័យនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃអង្គារ ទី១៥ ខែតុលានេះថា អ៉ីស្រាអែលនឹងស្តាប់សហរដ្ឋអាមេរិក ប៉ុន្តែសម្រេចចិត្តខ្លួនឯងចំពោះសកម្មភាពណា ដែលផ្អែកលើផលប្រយោជន៍ជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
សេចក្តីថ្លែងការណ៍នេះ ភ្ជាប់ទៅគ្នានឹងអត្ថបទចុះផ្សាយរបស់កាសែត Washington Post ដែលថា លោក Netanyahu បានប្រាប់រដ្ឋបាលលោក បៃដិន អំពីផែនការសងសឹករបស់អ៉ីស្រាអែល ចំពោះអ៉ីរ៉ង់។ គ្រាដែល លោក Netanyahu និយាយថា នឹងវាយប្រហារលើយោធាអ៉ីរ៉ង់ផ្ទាល់ មិនមែនកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែរ ឬប្រេងទេនោះ ប៉ុន្តែលោក បៃដិន បានឱ្យយោបល់ថា រាល់សកម្មភាពត្រូវតែប្រាកដថា មិនធ្វើឱ្យផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ។ តែការិយាល័យរបស់ លោក Netanyahu បញ្ជាក់ដូច្នេះថា «យើងស្តាប់យោបល់របស់អាមេរិក ប៉ុន្តែយើងនឹងធ្វើការសម្រេចចិត្តចុងក្រោយ ដោយខ្លួនឯង ផ្អែកលើផលប្រយោជន៍ជាតិរបស់យើង»។
គួរបញ្ជាក់ថា ចាប់តាំងពីអ៉ីរ៉ង់ បានបាញ់មីស៉ីលជិត ២០០គ្រាប់លើអ៉ីស្រាអែល កាលពីថ្ងៃទី១ ខែតុលា ដើម្បីសងសឹកចំពោះ ការសម្លាប់មេដឹកនាំ របស់ក្រុមហេសបូឡា លោក Hassan Nasrallah អ៉ីស្រាអែល មិនទាន់ធ្វើការឆ្លើយតបដោយផ្ទាល់ ទៅលើអ៉ីរ៉ង់ នៅឡើយទេ។ មានតែការបង្កើនការវាយប្រហារលើចលនាប្រដាប់អាវុធ ហេសបូឡា គាំទ្រដោយអ៉ីរ៉ង់ នៅភាគខាងត្បូងលីបង់ប៉ុណ្ណោះ ខណៈដែលការឆ្លើយតបណាមួយរបស់អ៉ីស្រាអែល បង្កក្តីបារម្ភពីសង្រ្គាមទ្រង់ទ្រាយធំ៕