(តេហេរ៉ង់)៖ តាមរយៈបណ្តាញសង្គម X អ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baghaei បានលើកឡើងថា អ៉ីរ៉ង់ថ្កោលទោស ចំពោះទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុប (EU) និងចក្រភពអង់គ្លេស ដែលបានដាក់មកលើទីក្រុងតេហេរ៉ង់ ហើយបដិសេធថា មិនបានផ្តល់មីស៉ីលទៅឱ្យរុស្ស៉ីឡើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ ២០២៤។
អ្នកនាំពាក្យរូបនេះនិយាយថា ប្រទេសអ៉ីរ៉ង់មិនបានបញ្ជូនមីស៉ីលបាលីស្ទីក ទៅឱ្យរុស្ស៉ីទេ។ លោកបញ្ជាក់ថា «ប្រទេសមួយចំនួននៅអឺរ៉ុប ក៏ដូចជាចក្រភពអង់គ្លេស បានធ្វើការអះអាងដោយគ្មានភស្តុតាងថា អ៉ីរ៉ង់ធ្វើអន្តរាគមន៍ផ្នែកយោធា នៅក្នុងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន ហើយវាត្រូវបានច្រានចោលទាំងស្រុង។ អ៉ីរ៉ង់ ចាត់ទុកការដាក់ទណ្ឌកម្មថ្មីនេះ ថាផ្ទុយពីច្បាប់អន្តរជាតិ។
កាលពីថ្ងៃចន្ទ EU បានព្រមព្រៀងគ្នា ដាក់ចេញនូវទណ្ឌកម្មលើបុគ្គលចំនួន ៧ និងអង្គការចំនួន ៧ រួមទាំងក្រុមហ៊ុនអាកាសចរណ៍ Iran Air របស់អ៉ីរ៉ង់ផងនោះ សម្រាប់ការជាប់ពាក់ព័ន្ធរបស់ពួកគេ ក្នុងការបញ្ជូនមីស៉ីលបាលីស្ទីកទៅឱ្យរុស្ស៉ី។ ក្រៅពីនេះ មានក្រុមហ៊ុន Saha Airlines និងក្រុមហ៊ុន Mahan Air ក៏ដូចជាអនុរដ្ឋមន្ត្រីការពារជាតិអ៉ីរ៉ង់ លោក Seyed Hamzeh Ghalandari។ ចក្រភពអង់គ្លេសវិញ បានបន្ថែមការរឹតត្បិតចំនួន ៩ នៅក្នុងកញ្ចប់ទណ្ឌកម្មអ៉ីរ៉ង់ ដែលមានស្រាប់របស់ខ្លួន។
អ្នកដែលត្រូវប្រឈមទណ្ឌកម្ម ក្រោមចំណាត់ការរបស់សហភាពអឺរ៉ុប មន្ត្រីលេចធ្លោមកពីកងកម្លាំងឆ្មាំបដិវត្តន៍ អ្នកគ្រប់គ្រងឧស្សាហកម្មផលិតយន្តហោះ និងអង្គការឧស្សាហកម្មអវកាសរបស់អ៉ីរ៉ង់។ ទណ្ឌកម្មនេះ រួមមានការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់ការធ្វើដំណើរ ទៅកាន់សហភាពអឺរ៉ុប៕