(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានរៀបចំធ្វើសន្និសីទសារព័ត៌មាន លោក Zheng Shanjie ប្រធានគណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិចិនជាដើម បានលើកឡើងអំពីសភាពការណ៍ពាក់ព័ន្ធនឹង ការអនុវត្តជាក់ស្តែងជាប្រព័ន្ធនូវគោលនយោបាយកំណើនមួយចំនួន ជំរុញយ៉ាងប្រាកដប្រជាឱ្យសេដ្ឋកិច្ច និងរចនាសម្ព័ន្ធ មានភាពល្អប្រសើរ ក៏ដូចជានិន្នាការអភិវឌ្ឍន៍ទៅរក ភាពល្អប្រសើរជាបន្តបន្ទាប់ ។

នៅមុនបុណ្យជាតិចិន ក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន អ្នកទទួលខុសត្រូវសំខាន់នៃធនាគារប្រជាជនចិន អគ្គនាយកដ្ឋានជាតិត្រួតពិនិត្យនិងគ្រប់គ្រងហិរញ្ញវត្ថុ នៃប្រទេសចិន និងគណៈកម្មាធិការនិយតកម្ម ទីផ្សារមូលបត្ររបស់ចិនបានប្រកាសពី ការកែសម្រួលគោលនយោបាយ ដ៏សំខាន់មួយចំនួន ក្រៅពីការបញ្ចុះការប្រាក់និងបញ្ចុះអត្រា ការប្រាក់លើប្រាក់បញ្ញើទុនបម្រុងកាតព្វកិច្ចជាប្រក្រតី ក៏បានដាក់ចេញវិធានការមួយចំនួន ក្នុងវិស័យអចលនទ្រព្យ និងទីផ្សារមូលធនផងដែរ។ ការរំញោចនៃគោលនយោបាយមួយចំនួន ធ្វើឱ្យទីផ្សារមានជំនឿចិត្តឡើងវិញ ។ ប៉ុន្តែ គោលនយោបាយម៉ាក្រូ គ្រាន់តែជាកាតាលីករតែប៉ុណ្ណោះ ជំនឿចិត្តចំពោះកំណើនសេដ្ឋកិច្ចក្នុងរយៈពេលយូរ នៅតែត្រូវមើលពីភាពធន់នៃសេដ្ឋកិច្ចរបស់ចិនទៀត។

សំដៅចំពោះសភាពការណ៍ថ្មីនិងបញ្ហាថ្មីក្នុងដំណើរការសេដ្ឋកិច្ចរបស់ចិននាពេលបច្ចុប្បន្ន វិធានការជាក់ស្តែង នៃគោលនយោបាយមួយចំនួនសំខាន់គឺបូករួមទាំង៥វិស័យ៖ គឺបង្កើនកម្លាំងអនុវត្តគោលនយោបាយម៉ាក្រូប្រកបដោយប្រសិទ្ធភាព ពង្រីកតម្រូវការផ្ទៃក្នុងថែមមួយកម្រិតទៀត បង្កើនកម្លាំងគាំទ្រសហគ្រាស ជំរុញឱ្យទីផ្សារអចលនទ្រព្យ បញ្ឈប់ការធ្លាក់ចុះ និងមានស្ថិរភាពឡើងវិញ ព្រមទាំងខិតខំប្រឹងប្រែងលើកស្ទួយទីផ្សារមូលធន។ ការលើកកម្ពស់លក្ខណៈចំគោលដៅ និងភាពត្រឹមត្រូវនៃគោលនយោបាយ ក៏បានកែលម្អយ៉ាងច្បាស់លាស់នូវការប៉ាន់ប្រមាណក្នុងទីផ្សារដែរ។

ក្រសួងសំណង់លំនៅឋាន ទីក្រុងនិងជនបទរបស់ចិនបានទម្លាយឱ្យដឹងថា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃបុណ្យជាតិចិន ចំនួនអ្នកមើលផ្ទះនិងចំនួនលក់ដូរ នៃទីផ្សារអចលនទ្រព្យនៃតំបន់ជាច្រើន សុទ្ធតែមានកំណើនក្នុងកម្រិតទីទៃគ្នា ហើយចំនួនអ្នកទៅមើលផ្ទះ នៃគម្រោងអចលនទ្រព្យភាគច្រើនដែលចូលរួម ការលក់បញ្ចុះតម្លៃបានកើនឡើងលើសពី ៥០ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន។

តាមទិន្នន័យនៃក្រសួងវប្បធម៌និងទេសចរណ៍របស់ចិនឱ្យដឹងថា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃបុណ្យជាតិចិន ចំនួនអ្នកធ្វើទេសចរណ៍ក្នុងស្រុកចិនគឺ ៧៦៥លាននាក់ ដែលកើនឡើង៥,៩ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ អ្នកធ្វើទេសចរណ៍ក្នុងស្រុកចិន បានចំណាយប្រាក់សរុប៧សែន៨១៧លានយាន់ប្រាក់ចិន ដែលកើនឡើង៦,៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន។

ឈានចូលត្រីមាសទីបីដែលជាត្រីមាសដ៏គន្លឹះពេញមួយឆ្នាំ ខែតុលានេះបានសម្រេចការចាប់ផ្តើមដ៏ល្អ។ អ្នកជំនាញពាក់ព័ន្ធ បានថ្លែងថា ប្រសិនបើគោលនយោបាយក្នុងវិស័យហិរញ្ញវត្ថុ រូបិយវត្ថុ អចលនទ្រព្យ និងប័ណ្ណបំណុលក្នុងតំបន់ជាដើម បានដើរតួនាទីយ៉ាងខ្លាំងក្នុងពេលដំណាលគ្នា នោះ ល្បឿនកំណើននៃសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ២០២៥ មានសង្ឃឹមបន្តរក្សា នៅចំនួនប្រហែល៥ភាគរយ។

តាមទិន្នន័យថ្មីបំផុតនៃសហព័ន្ធឧស្សាហកម្មធុនស្រាលរបស់ចិនឱ្យដឹងថា ពីខែមករាដល់ខែសីហាឆ្នាំនេះ តម្លៃបន្ថែម នៃសហគ្រាសឧស្សាហកម្មធុនស្រាលដែលមានទ្រង់ទ្រាយមធ្យម និងធំបានកើនឡើង៤,៩ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានាឆ្នាំមុន ។ ក្នុងចំណោមផលិតផលឧស្សាហកម្មធុនស្រាលសំខាន់ៗ ចំនួន៩១ដែលធ្វើស្ថិតិ ដោយរដ្ឋបាលជាតិស្ថិតិចិន បរិមាណនៃផលិតផលចំនួន៥៩ប្រភេទ សម្រេចបាននូវកំណើន ក្នុងនោះ បរិមាណផលិតផលចំនួន១៧ប្រភេទ ដូចជាកង់និងថ្មអាគុយលីចូមជាដើម បានរក្សាកំណើនពីរខ្ទង់។

ព្រមពេលជាមួយគ្នានេះ ការនាំចេញសម្រេចបាននូវកំណើនប្រកបដោយស្ថិរភាព ។ ពីខែមករាដល់ខែសីហា ការនាំចេញក្នុងឧស្សាហកម្មធុនស្រាលទាំងមូល គឺលើសពី ៦០០ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង៣,៥ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នានាឆ្នាំមុន។ ប្រាក់ចំណូលនៃអាជីវកម្ម software របស់ចិនពីខែមករាដល់ខែសីហាឆ្នាំនេះ មានចំនួនលើសពី៨,៥ទ្រីលានយាន់ប្រាក់ចិន។

តាមទិន្នន័យដែលរដ្ឋបាលជាតិគ្រប់គ្រងរូបិយប័ណ្ណរបស់ចិន បានប្រកាសកាលពីថ្ងៃទី៧ខែតុលាឱ្យដឹងថា គិតមកទល់ចុងខែកញ្ញាកន្លងទៅនេះ ទំហំទុនបម្រុងរូបិយប័ណ្ណរបស់ចិនមានតម្លៃ៣ ៣១៦,៤ពាន់លានដុល្លារអាមេរិក ដែលកើនឡើង២៨.២ពាន់លានដុល្លារអាមេរិក បើប្រៀបធៀបនឹងចុងខែសីហា ពោលគឺកើនឡើង០,៨៦ភាគរយ។ អាចឃើញថា បច្ចុប្បន្ននេះ ទីផ្សារហិរញ្ញវត្ថុអន្តរជាតិ នៅតែមានសភាពប្រែប្រួលជាខ្លាំង ប៉ុន្តែសេដ្ឋកិច្ចចិនមានភាពធន់ដ៏ខ្លាំងក្លា ហើយនិន្នាការទូទៅដែលមានភាពល្អប្រសើរ និងភាពនឹងនរមិនកែប្រែទេ។

សព្វថ្ងៃនេះ ចិនកំពុងស្ថិតក្នុងដំណាក់កាលតម្រួតផ្ទួនគ្នា ដូចជាបម្រែបម្រួលវដ្តសេដ្ឋកិច្ច កែសម្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ច និងធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ជាដើម ដូច្នេះ ដំណើរការសេដ្ឋកិច្ចបានប្រឈមមុខនឹងបញ្ហាប្រឈមថ្មីមួយចំនួន ប៉ុន្តែលក្ខខណ្ឌដែលមានអំណោយផល ដល់ការអភិវឌ្ឍសេដ្ឋកិច្ចមិនបានកែប្រែទេ ។ ទន្ទឹមនឹងនេះ ស្របពេលដែលគោលនយោបាយ មានអំណោយផលក្នុងវិស័យជាច្រើន ត្រូវបានអនុវត្តជាបន្តបន្ទាប់ ម៉ាក្រូសេដ្ឋកិច្ចនៅត្រីមាសទីបួនរហូតដល់ឆ្នាំក្រោយ នឹងបន្តកើនឡើងទៅរកភាពល្អប្រសើរឡើងវិញ៕

វិទ្យុមិត្តភាពកម្ពុជាចិន