(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤និង៤៥ បានបិទបញ្ចប់នៅក្រុងវៀងចន្ទន៍ រដ្ឋធានីប្រទេសឡាវ ។ ក្នុងសន្និសីទថ្នាក់ដឹកនាំចិន-អាស៊ានលើកទី២៧ ដែលធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំកំពូល ភាគីទាំងពីរបានរួមគ្នាប្រកាសថា ការចរចាស្តីពីការលើកកម្ពស់លំដាប់ថ្នាក់ នៃតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានឱ្យឡើងដល់កំណែ3.0 បានបិទបញ្ចប់។ នេះជាវិធានការគន្លឹះក្នុងការលើកកម្ពស់លំដាប់ថ្នាក់ នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ីខាងកើត ដែលបង្ហាញពីការប្តេជ្ញាចិត្ត របស់ភាគីទាំងពីរក្នុងការគាំទ្រយ៉ាងមុតមាំ នូវពហុភាគីនិយមនិងពាណិជ្ជកម្មសេរី។
ក្នុងសន្និសីទលើកនេះ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានលើកឡើងនូវគំនិតផ្តួចផ្តើមបីចំណុច ស្តីពីការធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ាន ដោយអំពាវនាវឱ្យបង្កើតបណ្តាញទំនាក់ទំនង ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ ពង្រីកកិច្ចសហប្រតិបត្តិការខាងឧស្សាហកម្មងើបឡើងថ្មី និងធ្វើឱ្យការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន មានភាពស៊ីជម្រៅ ។ ប្រការនេះបានបញ្ចេញសញ្ញាយ៉ាងច្បាស់លាស់មួយថា ភាគីចិនរីករាយបន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ ដ៏មេត្រីភាពជាមួយប្រទេសក្នុងតំបន់។
បច្ចុប្បន្ននេះ ស្ថានការណ៍ក្នុងតំបន់និងអន្តរជាតិ បាននិងកំពុងកើតមានបម្រែបម្រួលដ៏ស្មុគស្មាញ ប្រទេសមួយចំនួនតូច បានញុះញង់ ឱ្យកាត់ផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់ ហើយធ្វើបដិបក្ខគ្នាតាមក្រុម ការពារនិយមបានងើបឡើងវិញ នៅទូទាំងពិភពលោក។ ក្រោមបរិបទបែបនេះ ហេតុអ្វីបានជាកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ានមានភាពកាន់តែរឹងមាំ?មូលហេតុសំខាន់គឺដោយមកពីប្រទេសនានា សុទ្ធតែមានគោលបំណងរួមស្តីពីការទទួល ការអភិវឌ្ឍនិងស្តារឡើងវិញ និងធ្វើឱ្យប្រជាជនមានជីវភាពរស់នៅដ៏ល្អ។ ក្នុងនាមជាប្រទេសជិតខាង សេដ្ឋកិច្ចចិននិងអាស៊ាន មានភាពបំពេញបន្ថែមគ្នាយ៉ាងខ្លាំង ហើយមានឧត្តមភាពធម្មជាតិក្នុងការបង្កើត ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ដែលកាន់តែមានលក្ខខណ្ឌ ក្នុងការសម្រេចបាន នូវការអភិវឌ្ឍដែលផ្តល់ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមកនិងឈ្នះ-ឈ្នះ។
លទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ ដែលកិច្ចប្រជុំកំពូលអាស៊ានលើកនេះទទួលបាន គឺថ្នាក់ដឹកនាំចិននិងប្រទេសអាស៊ាន១០ បានប្រកាសពីការបញ្ចប់ការចរចាអំពី តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានកំណែ3.0 ហើយត្រូវបានរំពឹងថានឹងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងនៅឆ្នាំ២០២៥។ ការលើកកម្ពស់លំដាប់ថ្នាក់នេះគ្របដណ្តប់វិស័យចំនួន៩ ដែលមិនត្រឹមតែពាក់ព័ន្ធដល់វិស័យ ដែលមានស្រាប់ប៉ុណ្ណោះទេ ថែមទាំងក៏ពាក់ព័ន្ធដល់ វិស័យងើបឡើងថ្មីដូចជាសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង ការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ របៀបវារៈគយនិងភាពងាយស្រួល ខាងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា ខាងសេដ្ឋកិច្ចជាដើម។
លទ្ធផលជាផ្លែផ្កាដ៏សំខាន់នេះបានផ្តល់ការធានាខាងប្រព័ន្ធរបបដល់ ការរួមគ្នាកសាងទីផ្សារដ៏ធំធេងរបស់ភាគីទាំងពីរ ដែលនឹងនាំមកនូវកម្លាំងចលករកាន់តែខ្លាំងក្លា និងយូរអង្វែងដល់ ការអភិវឌ្ឍរបស់ភាគីទាំងពីរ។ ចិននិងអាស៊ានមាន ចំនួនប្រជាជនសរុបលើសពី២ពាន់លាននាក់ ត្រូវជា១ភាគ៤នៃចំនួនប្រជាជនពិភពលោក។ ទីផ្សារដ៏ធំធេងទាំងពីរនេះពួតដៃគ្នា នឹងនាំឱ្យការធ្វើសមាហរណកម្មសេដ្ឋកិច្ច ក្នុងតំបន់មានកម្រិតកាន់តែខ្ពស់ ហើយមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចសកល ក៏នឹងមានភាពកាន់តែរឹងមាំផងដែរ។
មជ្ឈដ្ឋានខាងក្រៅបានសង្កេតឃើញថា នៅពេលមុននិងក្រោយកិច្ចប្រជុំកំពូលអាស៊ានលើកនេះ បានលេចចេញសំឡេងថ្លង់ និងការរំខានមួយចំនួន។ ឧទាហរណ៍ដូចជា មានអ្នកនយោបាយជប៉ុនបានលើកឡើងអ្វីដែលហៅថា គំនិតស្តីពីការបង្កើត “អង្គការណាតូ"នៅអាស៊ី” និងសហរដ្ឋអាមេរិកនិងហ្វីលីពីន ប៉ុនប៉ងបង្កទំនាស់និងការបដិបក្ខគ្នា ដោយយកបញ្ហាសមុទ្រចិនខាងត្បូង ធ្វើជាលេសក្នុងកិច្ចប្រជុំកំពូល។ នេះបានល្មើសនឹងគោលបំណងរបស់អាស៊ាន ស្តីពីការគាំពារការអភិវឌ្ឍដោយសន្តិភាពក្នុងតំបន់ ហើយរងការរិះគន់និងប្រឆាំងយ៉ាងទូលំទូលាយ។ មជ្ឈដ្ឋានមតិសាធារណៈយល់ឃើញថា ប្រទេសអាស៊ានបានរក្សាការប្រុងប្រយ័ត្ន ជាទូទៅចំពោះកម្លាំងក្រៅតំបន់ ដែលញុះញង់ឱ្យមានការបដិបក្ខគ្នាក្នុងតំបន់ ដែលមិនរីករាយជ្រើសរើសការឈរនៅជាមួ យម្ខាងណាមួយទេ ហើយក៏មិនរំពឹងទុកបញ្ហាសមុទ្រចិនខាងត្បូងរំខាន និងបំផ្លាញស្ថានការណ៍ទូទៅនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ដែរ។
គំនិតឯកភាពរួមនិងលទ្ធផលជាផ្លែផ្កាពាក់ព័ន្ធបានបង្ហាញម្តងទៀតថា ការស្វែងរកសន្តិភាពនិងជំរុញការអភិវឌ្ឍ ទើបជាតម្រូវការនិងសំណូមពរជាបន្ទាន់ របស់ប្រទេសក្នុងតំបន់ ទង្វើនិងពាក្យសម្តីដែលបង្ករឿងហេតុទាំងនោះ គឺមិនត្រូវបានស្វាគមន៍ទេ។ លុបបំបាត់ចោលសំឡេងថ្លង់និងការរំខាន ផ្តោតលើផលប្រយោជន៍រួម និងដោះស្រាយការវិវាទឱ្យបានសមរម្យ បទពិសោធន៍ដ៏មានតម្លៃនៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ាន នឹងបំផុសគំនិតបណ្តាប្រទេសនានា ឱ្យយកទៅសិក្សារៀនសូត្រ៕
វិទ្យុមិត្តភាពកម្ពុជាចិន