(ហ្សឺណែវ)៖ កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា មនុស្សរាប់លាននាក់នៅទូទាំងទ្វីបអាហ្រ្វិកភាគខាងត្បូងកំពុងប្រឈមមុខនឹងវិបត្តិស្បៀងអាហារដ៏អាក្រក់បំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។
WFP បាននិយាយថា នៅក្រោមលក្ខខណ្ឌគ្រោះរាំងស្ងួតដែលមិនធ្លាប់មានពីមុនមក ប្រទេសចំនួនប្រាំគឺឡេសូតូ ម៉ាឡាវី ណាមីប៊ី ហ្សាំប៊ី និងហ្ស៊ីមបាវ៉េ បានប្រកាសពីស្ថានភាពនៃគ្រោះមហន្តរាយ ហើយបានអំពាវនាវឱ្យមានការគាំទ្រផ្នែកមនុស្សធម៌អន្តរជាតិ។
ប្រទេសអង់ហ្គោឡា និងម៉ូសំប៊ិក ក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ ហើយកុមារប្រហែល ២១ លាននាក់ទទួលរងពីកង្វះអាហារូបត្ថម្ភ។
WFP បានព្រមានថា សមត្ថភាពរបស់ខ្លួនក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាជនដែលរងផលប៉ះពាល់ កំពុងត្រូវបានរារាំងដោយកង្វះខាតថវិកា។ ទីភ្នាក់ងារនេះត្រូវការថវិកាចំនួន ៣៦៩ លានដុល្លារ ដើម្បីផ្តល់ជំនួយដល់ប្រជាជនជាង ៦.៥ លាននាក់ នៅក្នុងប្រទេសដែលរងគ្រោះខ្លាំងបំផុត ប៉ុន្តែរហូតមកដល់ពេលនេះ ទទួលបានត្រឹមតែប្រហែលមួយភាគប្រាំនៃចំនួនទឹកប្រាក់ដែលត្រូវការប៉ុណ្ណោះ។
លោក Tomson Phiri អ្នកនាំពាក្យរបស់ WFP បានអំពាវនាវឱ្យសហគមន៍អន្តរជាតិផ្តល់ជំនួយបន្ថែមដល់ប្រជាជនអាហ្វ្រិកខាងត្បូង ដែលកំពុងប្រឈមមុខនឹងវិបត្តិស្បៀងអាហារធ្ងន់ធ្ងរ។ លោកបានព្រមានថា ប្រសិនបើមិនមានការគាំទ្របន្ថែមទេ មនុស្សរាប់លាននាក់នឹងជួបប្រទះនឹងរដូវកាលដ៏លំបាកបំផុត ដោយគ្មានស្បៀងអាហារគ្រប់គ្រាន់។ វិបត្តិនេះមិនត្រឹមតែគំរាមកំហែងដល់អាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច និងសង្គមកាន់តែធ្ងន់ធ្ងរឡើង នៅក្នុងតំបន់អាហ្វ្រិកខាងត្បូង៕