(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអង្គារ ទី១៥ ខែតុលា បានច្រានចោលបទឈប់បាញ់ណាមួយនៅក្នុង ប្រទេសលីបង់ ដែលនឹងទុកឱ្យក្រុមហេសបូឡា បន្តមានវត្តមាននៅក្បែរព្រំដែនភាគខាងជើងរបស់អ៉ីស្រាអែល ខណៈចលនាប្រដាប់អាវុធមួយនេះគំរាមថានឹងពង្រីក ការវាយប្រហាររបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការអត្ថាធិប្បាយរបស់លោក Netanyahu កើតមានឡើង ចំពេលសហរដ្ឋអាមេរិកបានបង្កើនការដាក់សម្ពាធលើសកម្មភាពសង្រ្គាមរបស់អ៉ីស្រាអែលនៅលីបង់ និងហ្កាហ្សា ជាមួយការរិះគន់លើអ៉ីស្រាអែល ជុំវិញការវាយប្រហារទម្លាក់គ្រាប់បែកលើរដ្ឋធានីបេរូត ហើយទទូចឱ្យមានជំនួយបន្ថែមចូលទៅក្នុងតំបន់ហ្កាហ្សា។
បើតាមសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយការិយាល័យរបស់លោក Netanyahu នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល បាននិយាយថាលោកប្រឆាំងនឹងបទឈប់បាញ់ឯកតោភាគី ដែលមិនអាចកែប្រែស្ថានការណ៍សន្តិសុខ នៅក្នុងប្រទេសលីបង់។ សេចក្ដីថ្លែងការណ៍នេះបន្តថាលោក Netanyahu បានបញ្ជាក់យ៉ាងច្បាស់ថាអ៉ីស្រាអែលនឹងមិនទទួលយកបទឈប់បាញ់ណាមួយដែល មិនរៀបចំឱ្យមានតំបន់ទ្រនាប់ការពារ និងមិនអាចបញ្ឈប់ក្រុមហេសបូឡា ពីការបំពាក់អាវុធ និងប្រមូលផ្ដុំកម្លាំងបន្ថែមនោះឡើយ។
គួរបញ្ជាក់ថា លោក Netanyahu និងយោធាអ៉ីស្រាអែល បានទទូចម្ដងហើយម្ដងទៀតថាអ៉ីស្រាអែលចង់បានតំបន់ទ្រនាប់ការពារមួយ នៅតាមបណ្ដោយព្រំដែន របស់អ៉ីស្រាអែលជាមួយលីបង់ ជាទីដែលនឹងគ្មានវត្តមានក្រុមអ្នកប្រយុទ្ធរបស់ហេសបូឡា៕