(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន បានព្រមាននៅថ្ងៃពុធ ទី១៦ ខែតុលា ប្រឆាំងនឹងការកើនឡើងភាពតានតឹងនៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីកូរ៉េខាងជើងបានបំផ្ទុះកម្ទេច កំណាត់ផ្លូវថ្នល់ និងថ្លូវរថភ្លើង ដែលតភ្ជាប់រវាងប្រទេសកូរ៉េទាំងពីរ នៅឯខាងព្រំប្រទល់របស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការបំផ្ទុះកម្ទេចកំណាត់ផ្លូវថ្នល់ និងថ្លូវរថភ្លើងតភ្ជាប់ជាមួយកូរ៉េខាងត្បូង គឺជាការអនុវត្តការសន្យារបស់ទីក្រុងព្យុងយ៉ាង ដែលបានប្រកាសកាលពីសប្តាហ៍មុនថា នឹងកាត់ផ្តាច់ទាំងស្រុងនូវផ្លូវថ្នល់ និងផ្លូវដែកអន្តរកូរ៉េទាំងអស់ ហើយពង្រឹងការការពារបន្ថែមទៀត នៅតំបន់ព្រំប្រទល់ជាប់ជាមួយកូរ៉េខាងត្បូង។
ជុំវិញភាពតានតឹងនេះដែរ អនុប្រធានខុទ្ទការល័យនាយករដ្ឋមន្ត្រីជប៉ុន លោក Kazuhiko Aoki បានលើកឡើងថា «សកម្មភាពទាំងនេះរបស់កូរ៉េខាងជើងអាចនឹង បង្កើនភាពតានតឹងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ហើយវាពិតជាមានសារៈសំខាន់ដែលរឿងមួយនេះនឹងមិននាំទៅរកការផ្ទុះរាលដាលទៅជាជម្លោះ»។ លោក Aoki បានបន្ថែមប្រាប់អ្នកសារព័ត៌មានទៀតថារដ្ឋាភិបាលជប៉ុននឹងប្រឹងប្រែងជាអតិបរមា ដើម្បីប្រមូល វិភាគ និងតាមដានព័ត៌មានចាំបាច់ពាក់ព័ន្ធនឹងស្ថានការណ៍ វិវត្តន៍នៅកូរ៉េខាងជើង។
គួរបញ្ជាក់ថា ភាពតានតឹងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើងបានឡើងកម្ដៅសាជាថ្មី ក្រោយកូរ៉េខាងជើងក្នុងសប្ដាហ៍នេះចោទថា កូរ៉េខាងត្បូងបានបង្ហោះដ្រូនចូល ក្នុងរដ្ឋធានីព្យុងយ៉ាង៕