(ប៉េកាំង)៖ ការិយាល័យរបស់ចិន ទទួលបន្ទុកកិច្ចការតៃវ៉ាន់ បាននិយាយនៅថ្ងៃពុធ ទី១៦ ខែតុលានេះថាចិននឹងមិនសន្យាឡើយថានឹងមិនប្រើកម្លាំងយោធាលើតៃវ៉ាន់ ប៉ុន្តែការប្រើកងកម្លាំងបាយណាមួយគឺមានគោលដៅលើកម្លាំងជ្រៀតជ្រែកពីខាងក្រៅ និងពួកឧទ្ទាមផ្ដាច់ខ្លួនមួយក្ដាប់តូចតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ចិន ដែលចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយរយៈពេលមួយថ្ងៃ នៅជុំវិញកោះតៃវ៉ាន់កាលពីថ្ងៃចន្ទកន្លងទៅ ហើយ បានប្រកាសថាសមយុទ្ធនេះជាសារព្រមានទៅកាន់សកម្មភាពរបស់ជនឧទ្ទាមផ្ដាច់ខ្លួន ក្រោយសុន្ទរកថារបស់មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te នាឱកាស ថ្ងៃបុណ្យជាតិតៃវ៉ាន់។ «យើងមានឆន្ទៈនៅក្នុងការប្រឹងប្រែងដើម្បីការបង្រួបបង្រួមជាតិដោយសន្តិវិធីជាមួយភាពស្មោះត្រង់ ប៉ុន្តែយើងនឹងមិនសន្យាទេថានឹងបដិសេធ ប្រើកម្លាំងយោធា»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យការិយាល័យរបស់ចិន ទទួលបន្ទុកកិច្ចការតៃវ៉ាន់ ក្នុងសន្និសីទសារព័ត៌មានខ្លីមួយនៅទីក្រុងប៉េកាំង ដោយបញ្ជាក់ថាការប្រើកម្លាំងបាយណាមួយរបស់ចិនគឺមានគោលដៅលើពួកឧទ្ទាមផ្ដាច់ខ្លួនមួយក្ដាប់តូចប៉ុណ្ណោះ មិនមែនសំដៅលើប្រជាជនតៃវ៉ាន់មួយភាគធំ នោះទេ។
គួរបញ្ជាក់ថា រដ្ឋាភិបាលតៃវ៉ាន់សព្វថ្ងៃរបស់លោក Lai Ching-te នៅតែប្រកាន់គោលគំនិតបដិសេធការទាមទារអធិបតេយ្យរបស់ប៉េកាំងចំពោះតៃវ៉ាន់ ហើយថាមាន តែប្រជាជនតៃវ៉ាន់ទេ ដែលជាអ្នកកំណត់អនាគតរបស់តៃវ៉ាន់៕