(ប្រាក)៖ កាលពីថ្ងៃអង្គារ ទី១៥ ខែតុលា ស្ថានទូតចិននៅទីក្រុងប្រាក បានចេញមុខរិះគន់ដំណើរទស្សនកិច្ច របស់អតីតមេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen មកកាន់រដ្ឋធានី របស់សាធារណរដ្ឋឆែក ជាទីដែលលោកស្រី បានជួបជាមួយមន្រ្តីជាន់ខ្ពស់ឆែក និងថ្លែងសុន្ទរកថា នៅឯសន្និសីទមួយស្តីពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
សាធារណរដ្ឋឆែក ដូចទៅនឹងប្រទេសភាគច្រើនផ្សេងទៀតដែរ គឺមិនមានទំនាក់ទំនងការទូតផ្លូវការ ជាមួយតៃវ៉ាន់ឡើយ ប៉ុន្តែភាគីទាំងពីរ បានបង្កើនភាពជិតស្និទ្ធ ស្របពេលដែល ទីក្រុងប៉េកាំង បង្កើនការដាក់សម្ពាធផ្នែកនយោបាយនិងយោធា ប្រឆាំងដែនកោះនេះ ហើយទីក្រុងតៃប៉ិស្វះស្វែងរកមិត្តថ្មីៗ នៅតំបន់អឺរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត។
ស្ថានទូតចិនបានលើកឡើងថា «គោលជំហររបស់ចិនលើបញ្ហាតៃវ៉ាន់ គឺច្បាស់លាស់និងគ្មានការប្រែប្រួលឡើយ ហើយប្រឆាំងដាច់ខាត ចំពោះកម្លាំងបំបែករដ្ឋចង់ឱ្យតៃវ៉ាន់ឯករាជ្យ ធ្វើដំណើរទៅកាន់បណ្តាប្រទេស ដែលមានទំនាក់ទំនងការទូតជាមួយប្រទេសចិន»។ ស្ថានទូតចិន បានទទូចឱ្យភាគីឆែក គោរពអធិបតេយ្យនិងបូរណភាពទឹកដីរបស់ចិន។
គួរបញ្ជាក់ថា តៃវ៉ាន់ត្រូវចិនចាត់ទុកជាផ្នែកនៃទឹកដីរបស់ខ្លួន ទោះបីទីក្រុងតៃប៉ិប្រកែកយ៉ាងណាក៏ដោយ។ អំឡុងពេលចូលរួមសន្និសីទ Forum 2000 នៅទីក្រុងប្រាក កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោកស្រី Tsai បានចាប់ដៃជាមួយ លោក Petr Pavel ដែលជាប្រធានាធិបតីនៃសាធារណរដ្ឋឆែក និងបានជួបពិភាក្សាជាមួយប្រធាននៃសភាទាំង២ របស់ឆែកថែមទៀត៕