(អ៉ីស្លាម៉ាបាដ)៖ ក្នុងសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃអង្គារ ទី១៥ ខែតុលា ប៉ាគីស្ថានបានយល់ព្រមបង្កើនការការពារសន្តិសុខ សម្រាប់ពលរដ្ឋចិន ក៏ដូចជាគម្រោងនានារបស់ចិន ក្នុងប្រទេសអាស៉ីខាងត្បូងមួយនេះ ស្របពេលទីក្រុងប៉េកាំង បានទទូចឱ្យមានចំណាត់ការសន្តិសុខជាបន្ទាន់ ចំពោះមុខការកើនឡើងនៃការគំរាមកំហែង ពីក្រុមសកម្មប្រយុទ្ធនៅប៉ាគីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ចិនបានវិនិយោគរាប់ពាន់លានដុល្លារ នៅប្រទេសប៉ាគីស្ថាន ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ហើយទន្ទឹមគ្នាក៏ធ្វើប្រតិបត្តិការ កំពង់ផែយុទ្ធសាស្រ្តសំខាន់មួយ និងអណ្តូងរ៉ែធំមួយផងដែរ នៅប៉ាគីស្ថាន។ យ៉ាងណាក្តី ពលរដ្ឋចិននិងគម្រោងផ្សេងៗរបស់ចិន បានទទួលរងការវាយប្រហារជាបន្តបន្ទាប់ ពីសំណាក់ក្រុមសកម្មប្រយុទ្ធបំបែករដ្ឋ ដែលប្រឆាំងនឹងអ្វីពួកគេចាត់ទុកថា ជាការកេងប្រវ័ញ្ចលើខេត្ត Balochistan ដែលសម្បូរដោយធនធានរ៉ែ នៅភាគនិរតីប៉ាគីស្ថាន។
សេចក្តីថ្លែងការណ៍រួម ស្តីពីទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីចិន លោក Li Qiang បានលើកឡើងថា «ភាគីចិនបានសង្កត់ធ្ងន់អំពី ភាពចាំបាច់ជាបន្ទាន់ ក្នុងការចាត់វិធានការសន្តិសុខ នៅប៉ាគីស្ថាន ដើម្បីបង្កើតបរិយាកាសដែលមានសុវត្ថិភាព សម្រាប់កិច្ចសហប្រតិបត្តិការ។ ប៉ាគីស្ថាន នឹងបង្កើនកិច្ចប្រឹងប្រែងឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីធានាសុវត្ថិភាពនិងសន្តិសុខរបស់ជនជាតិចិន ព្រមទាំងគម្រោងនិងស្ថាប័ននានារបស់ចិន»។
គួរបញ្ជាក់ថា លោក Li បានមកដល់ទីក្រុងអ៉ីស្លាម៉ាបាដ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដើម្បីបំពេញទស្សនកិច្ចសរុបរយៈពេល៤ថ្ងៃ។ វាគឺជាទស្សនកិច្ចលើកដំបូង ធ្វើឡើងដោយនាយករដ្ឋមន្រ្តីចិន មកកាន់ប៉ាគីស្ថាន គិតក្នុងរយៈពេល១១ឆ្នាំ ហើយកើតមានឡើង នៅប៉ុន្មានថ្ងៃ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតមួយ ក្នុងទីក្រុង Karachi បានសម្លាប់វិស្វករចិន២នាក់។ ហេតុការណ៍នោះ គឺជាសកម្មភាពវាយប្រហារលើកទី២ មកលើវិស្វករជនជាតិចិន នៅប្រទេសប៉ាគីស្ថាន ក្នុងឆ្នាំនេះ៕