(សេអ៊ូល)៖ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន នាថ្ងៃពុធ ទី១៦ ខែតុលា បានប្រកាសពីការបង្កើតក្រុមពហុជាតិថ្មីមួយ ដើម្បីតាមដានការអនុវត្តទណ្ឌកម្ម ដែលត្រូវបានដាក់ប្រឆាំងប្រទេសកូរ៉េខាងជើង បន្ទាប់ពីរុស្ស៉ីនិងចិន បានរារាំងសកម្មភាពឃ្លាំមើលទណ្ឌកម្ម នៅឯអង្គការសហប្រជាជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
យន្តការខាងលើ ដែលហៅថា Multilateral Sanctions Monitoring Team ត្រូវបានបង្កើតឡើង ក្រោយកាលពីខែមីនា ឆ្នាំនេះ រុស្ស៉ីបានសម្រេចជំទាស់ ការបន្តអាណត្តិប្រចាំឆ្នាំ ដល់ក្រុមអ្នកជំនាញនៅ UN ដែលក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ បានទទួលបន្ទុកមើលការខុសត្រូវ លើការអនុវត្តទណ្ឌកម្ម ដែលមានគោលដៅដាក់កំហិតចំពោះ កម្មវិធីអភិវឌ្ឍមីស៉ីល និងអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។ ក្នុងការបោះឆ្នោតនោះ ចិនបានធ្វើអនុបវាទ។
គួរបញ្ជាក់ថា ក្រុមថ្មីដែលទើបបង្កើតឡើងនេះ នឹងបន្តការងាររបស់ក្រុមអ្នកជំនាញ UN ហើយនឹងមានការចូលរួមពី ប្រទេសចំនួន៨ផ្សេងទៀត ដូចជា ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ជាដើម។ ទីក្រុងសេអ៊ូល បាននិយាយថា យន្តការនេះ ប្រហែលជាខ្វះភាពស្របច្បាប់ជាលក្ខណៈអន្តរជាតិ មិនដូចប្រតិបត្តិការដែលគាំទ្រដោយ UN ក៏ពិតមែន ប៉ុន្តែវានឹងអាចឃ្លាំមើលលើ កូរ៉េខាងជើងប្រកបដោយប្រសិទ្ធភាពជាងមុនទៅទៀត ដោយមិនចាំបាច់បារម្ភពីការរារាំងរបស់ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង ដែលមានទំនាក់ទំនងជិតស្និទ្ធ ជាមួយទីក្រុងព្យុងយ៉ាង នោះឡើយ៕