(ព្រុចសែល)៖ រដ្ឋមន្រ្តីការបរទេសអូទ្រីស លោក Alexander Schallenberg បាននិយាយថា បណ្តាប្រទេសសហភាពអឺរ៉ុប (EU) ដែលមានកងទ័ពមួកខៀវ ក្នុងបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិនៅលីបង់ (UNIFIL) មិនមានបំណងដកថយ ចេញពីភាគខាងត្បូងប្រទេសលីបង់ឡើយ ទោះបីអ៉ីស្រាអែល បានអំពាវនាវឱ្យធ្វើបែបនោះក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤។
ចាប់តាំងពីអ៉ីស្រាអែល បានបើកប្រតិបត្តិការយោធាតាមផ្លូវគោក ប្រឆាំងក្រុមហេសបូឡានៅលីបង់ កាលពីដើមខែតុលានេះមក ទីតាំងរបស់កងកម្លាំង UNIFIL បានស្ថិតក្រោមការបាញ់ផ្លោង ម្តងហើយម្តងទៀត ហើយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ រថក្រោះអ៉ីស្រាអែល២គ្រឿង បានបើកទម្លុះចូលខ្លោងទ្វារមូលដ្ឋានមួយរបស់កងកម្លាំង UN តែម្តង។ បើតាមការអះអាងរបស់ UN កងទ័ពមួកខៀវសរុប៥នាក់ បានរងរបួស។
ប្រទេស EU ចំនួន១៦ មានទាំងអូទ្រីស បានចូលរួមផ្តល់កងទ័ពមួកខៀវ ក្នុងបេសកកម្ម UNIFIL ហើយឧប្បត្តិហេតុថ្មីៗនេះ បានបង្កឱ្យមានក្តីបារម្ភជាខ្លាំង ក្នុងចំណោមរដ្ឋាភិបាលអឺរ៉ុប។ កាលពីថ្ងៃអាទិត្យ ទី១៣ ខែតុលា នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បានអំពាវនាវឱ្យ UN ដកកងកម្លាំង UNIFIL ចេញពីកន្លែងឈរជើងរបស់ក្រុមហេសបូឡា និងចេញពីតំបន់ប្រយុទ្ធគ្នា។ ក្រុមប្រទេស EU ផ្តល់កងទ័ពមួកខៀវសរុបប្រហែល៣,៦០០នាក់ ក្នុងចំណោមកងទ័ពមួកខៀវ ទាំងអស់ជាង១០,០០០នាក់ នៃបេសកកម្ម UNIFIL។
គួរបញ្ជាក់ថា បើតាមលោក Schallenberg ក្រោយកិច្ចពិភាក្សាក្នុងចំណោមរដ្ឋមន្រ្តីការបរទេស EU កាលពីថ្ងៃចន្ទសប្តាហ៍នេះ ក្រុមប្រទេសអឺរ៉ុប មិនមានបំណងដក កងទ័ពមួកខៀវរបស់ខ្លួនឡើយ។ លោក Schallenberg បានសង្កត់ធ្ងន់ថា អ៉ីស្រាអែល មានសិទ្ធិក្នុងការការពារខ្លួន ប្រឆាំងហេសបូឡាក៏ពិតមែន ប៉ុន្តែការវាយប្រហារ សូម្បីដោយអចេតនាក៏ដោយ ទៅលើទីតាំងរបស់កងកម្លាំងរក្សាសន្តិភាព UN គឺជាទង្វើរំលោភបំពានច្បាប់អន្តរជាតិ៕