(ប៉េកាំង)៖ «តៃវ៉ាន់ជាទឹកដីមួយផ្នែករបស់ប្រទេសចិនដែលមិនអាចកាត់ផ្តាច់បាន» នេះមិនត្រឹមតែជាការលើកឡើង របស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឯកភាពរួមរបស់សហគមន៍អន្តរជាតិ ដែលបានទទួលស្គាល់ជាទូទៅ នូវគោលការណ៍ចិនតែមួយ ពិសេសគឺជាសេចក្តីសម្រេចចិត្តនៃមហាសន្និបាតអង្គការសហប្រជាជាតិ ពោលគឺរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជាអាជ្ញាធរស្របច្បាប់តែមួយគត់ ដែលតំណាងឱ្យប្រទេសចិនទាំងមូល ។
យ៉ាងណាមិញ ប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរតៃវ៉ាន់ហាក់ដូចជាបញ្ចេញឫកក្រអឺតក្រទមខ្លាំង ដោយចង់សាកល្បងនឹង ឆន្ទៈបង្រួបបង្រួមជាតិដ៏មោះមុតរបស់រដ្ឋាភិបាលនិ ងប្រជាជនចិននៅត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ ។ អ្វីដែលជាសំអាងរបស់ពួកអបគមន៍ ដែលស្រមៃចង់ឱ្យតៃវ៉ាន់ឯករាជ្យដើម្បីបម្រើផលប្រយោជន៍នយោបាយ និងផលប្រយោជន៍បុគ្គលនោះគឺការគប់គិតជាមួយបរទេស។
បច្ចុប្បន្ន ក្រុមជនផ្តាច់ខ្លួនដែលដឹកនាំដោយបុគ្គល Lai Ching-te មានសកម្មភាពកាន់តែគឃ្លើនដោយបានលើកឡើង នូវទស្សនៈអវិជ្ជា ក្បត់ជាតិ ក្បត់ប្រជាជន ក្បត់ដូនតាថា «តំបន់តៃវ៉ាន់និងតំបន់ដីគោករបស់ចិនមិនចំណុះឱ្យគ្នាទៅវិញទៅមក» , «ពលរដ្ឋតៃវ៉ាន់មិនត្រូវប្រើពាក្យថា មាតុប្រទេស ដើម្បីហៅប្រទេសចិន» ។ល។ នេះសបង្ហាញថា បុគ្គលទាំងនេះកំពុងតែ បានរុញច្រានតំបន់តៃវ៉ាន់ឱ្យដើរទៅរកមាត់ជ្រលងដ៏គ្រោះថ្នាក់ ដែលបំផ្លាញសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។
តាំងពីដើមមក រដ្ឋបាលតំបន់ដីគោកនៃប្រទេសចិនបានផ្តួចផ្តើមជាប់ជានិច្ច នូវការបង្រួបបង្រួមជាតិដោយសន្តិភាព ហើយក្នុងដំណើរការបង្រួបបង្រួម ជនរួមជាតិនៅត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់រួមរស់ដោយសុខដុមរមនា និងផ្លាស់ប្តូរគ្នាដោយមេត្រីភាព ដែលនេះជាបំណងប្រាថ្នារួម របស់ប្រជាជនចិនចំនួន ១៤០០ លាននាក់។ ក៏ប៉ុន្តែ បុគ្គលដែលបំភ្លេចជាតិកំណើត ផ្គាប់ចិត្តបរទេស គប់គិតគ្នាដើម្បីបំបែកបំបាក់ប្រទេសជាតិដូចជាបុគ្គល Lai Ching-te ជាដើមបែរជាយកជនរួមជាតិតៃវ៉ាន់ធ្វើជាឈ្នាន់ ដើម្បីសម្រេចមហិច្ឆតាល្មោភអំណាច និងបម្រើផលប្រយោជន៍បុគ្គល។
យ៉ាងណាមិញ ជនផ្តាច់ខ្លួនទាំងនេះប្រហែលជាភ្លេចហើយថា ថ្នាក់ដឹកនាំកំពូលរបស់ចិន បានគូសរំលេចជាច្រើនលើកច្រើនសាថា «ពិតមែនតែយើងផ្តួចផ្តើមឱ្យមាន ការបង្រួបបង្រួមជាតិដោយសន្តិភាព ប៉ុន្តែមិនច្រានចោលលទ្ធភាពនៃការប្រើប្រាស់អាវុធ ដើម្បីបង្រួបបង្រួមជាតិក្នុងខណៈចាំបាច់នោះឡើយ។» ប្រការនេះជាការក្រើនរម្លឹកដល់ ពួកអបគមន៍និយមថា កុំប្រឡែងលេងជាមួយភ្លើង បើពុំនោះសោត គង់តែឆេះរោលខ្លួនឯងជាមិនខាន។
ជាចំណាត់ការនិងជាសារព្រមានមួយដល់ពួកអបគមន៍រឹងរូស រដ្ឋាភិបាលមជ្ឈិមចិនបានដាក់ចេញច្បាប់ស្តីពីការដាក់ទណ្ឌកម្ម និងផ្តន្ទាទោសចំពោះពួកអបគមន៍ ដែលប៉ុនប៉ងបំបែកបំបាក់ប្រទេសជាតិ ក្នុងនោះ ជនដែលបង្កផលប៉ះពាល់ខ្លាំងចំពោះ ការបង្រួបបង្រួមជាតិ នឹងត្រូវប្រឈមនឹងការដាក់ទោសតាមស្ថានទោស រហូតដល់អាចប្រឈមនឹង ទោសប្រហារជីវិតទៀតផង ។ គិតមកទល់បច្ចុប្បន្ន មានជនផ្តាច់ខ្លួនមួយចំនួនត្រូវបានដាក់ទណ្ឌកម្ម ហើយនឹងត្រូវប្រឈមមុខនឹងច្បាប់នៅថ្ងៃខាងមុខ។
ក្រៅពីនេះ រដ្ឋាភិបាលមជ្ឈិមចិនក៏បានធ្វើសមយុទ្ធជាច្រើនលើកនៅជុំវិញកោះតៃវ៉ាន់ ដែលជាសញ្ញាព្រមាននិងកំញើញដល់ ពួកអបគមន៍និយម និងប្រាប់ដល់កម្លាំងខាងក្រៅដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនថា បញ្ហាតៃវ៉ាន់និងការបង្រួបបង្រួមជាតិ ជាបន្ទាត់ក្រហម របស់សាធារណរដ្ឋប្រជាមានិតចិននិងប្រជាជនចិន អ្នកដែលហ៊ានបំពានបន្ទាត់ក្រហមនេះ នឹងត្រូវបង់តម្លៃយ៉ាងធ្ងន់ធ្ងរជាមិនខាន។
ឆន្ទៈដ៏មុតមាំរបស់ប្រជាជនចិនចំនួន ១៤០០ លាននាក់ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ជនរួមជាតិ នៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ គឺជាកំពែងដែកថែបនិងជាអាវុធដ៏មុតស្រួច សម្រាប់ទប់ស្កាត់និងកម្ទេចចោលគ្រប់ឧបាយកល ដែលប៉ុនប៉ងបំបែកបំបាក់តៃវ៉ាន់ចេញពីមាតុប្រទេសចិន ពោលគឺនិន្នាការបង្រួបបង្រួមជាតិរបស់ប្រទេសចិន មិនអាចរារាំងបានជាដាច់ខាត ហើយក៏ប្រាកដជានឹងសម្រេចបាន នូវការបង្រួបបង្រួមជាតិជាមិនខាន៕
អត្ថបទដោយ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន