(ព្រុចស៊ែល)៖ រដ្ឋមន្រ្តីការពារជាតិអេស្ប៉ាញ លោកស្រី Margarita Robles បាននិយាយថា បណ្តាប្រទេសសហភាពអឺរ៉ុប ដែលរួមចំណែកក្នុងបេសកកម្មរក្សាសន្តិភាពនៅលីបង់ (UNIFIL) បានបញ្ជាក់ថា បេសកកម្មនេះ គឺ «មានសារៈសំខាន់ និងចាំបាច់បំផុត»។ ហើយមានតែអង្គការសហប្រជាជាតិប៉ុណ្ណោះ ដែលអាចសម្រេចចិត្ត បញ្ចប់វាបាន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤។
លោកស្រីបានបន្ថែមថា ប្រទេសទាំងអស់ ដែលចូលរួមក្នុងបេសកកម្មនេះ កំពុងគាំទ្រយ៉ាងពេញទំហឹង ដល់កងទ័ព និងប្រជាជនរបស់ពួកគេ ដែលកំពុងបំពេញការងារនៅទីនោះ។
បណ្តាប្រទេសសហភាពអឺរ៉ុបដែលដឹកនាំដោយអ៊ីតាលី បារាំង និងអេស្ប៉ាញ បានបញ្ជូនកងទ័ពរាប់ពាន់នាក់នៅក្នុងបេសកកម្មរក្សាសន្តិភាព ដែលមានកងកម្លាំង ១០,០០០នាក់ នៅភាគខាងត្បូងប្រទេសលីបង់។ បេសកកម្មនេះបាននិយាយថាខ្លួនបានទទួលការវាយប្រហារម្តងហើយម្តងទៀត ពីកងកម្លាំងអ៊ីស្រាអែលក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈអ៊ីស្រាអែលបានអំពាវនាវដល់អង្គការសហប្រជាជាតិឱ្យដកទ័ពចេញពីតំបន់ប្រយុទ្ធ។
គួរបញ្ជាក់ថា ក្រោយកិច្ចពិភាក្សាក្នុងចំណោមរដ្ឋមន្រ្តីការបរទេស EU កាលពីថ្ងៃចន្ទសប្តាហ៍នេះ ក្រុមប្រទេសអឺរ៉ុប មិនមានបំណងដក កងទ័ពមួកខៀវរបស់ខ្លួនឡើយ។ រដ្ឋមន្រ្តីការបរទេសអូទ្រីស លោក Alexander Schallenberg បានសង្កត់ធ្ងន់ថា អ៉ីស្រាអែល មានសិទ្ធិក្នុងការការពារខ្លួន ប្រឆាំងហេសបូឡាក៏ពិតមែន ប៉ុន្តែការវាយប្រហារ សូម្បីដោយអចេតនាក៏ដោយ ទៅលើទីតាំងរបស់កងកម្លាំងរក្សាសន្តិភាព UN គឺជាទង្វើរំលោភបំពានច្បាប់អន្តរជាតិ៕