(បេរូត)៖ ចាប់តាំងពីពង្រីកប្រតិបត្តិការវាយលុកថ្មើរជើងចូលក្នុងប្រទេសលីបង់ អស់រយៈពេលជាង២សប្ដាហ៍មកនេះ អ៉ីស្រាអែលបានវាយប្រហារតាមផ្លូវអាកាសជាច្រើនដងលើកងទ័ពលីបង់ ហើយ មិនតែប៉ុណ្ណោះ រថក្រោះអ៉ីស្រាអែលក៏បានបាញ់ប្រហារលើទីតាំងរបស់កងទ័ពលីបង់ផងដែរ កាលពីថ្ងៃទី៣ ខែតុលា ខណៈការវាយប្រហារតាមផ្លូវអាកាសមួយបានសម្លាប់កងទ័ពលីបង់ ២នាក់ កាលពី ថ្ងៃទី១១ ខែតុលា។ ក្នុងករណីទាំង២នេះ កងទ័ពលីបង់បានអះអាងថាពួកគេបានបាញ់តដៃដាក់កងទ័ពអ៉ីស្រាអែលវិញដែរ។
ការវាយប្រហារទាំង២លើកខាងលើកងទ័ពលីបង់ បានកើតឡើងនៅក្បែរទីក្រុង Bint Jbeil ស្ថិតនៅភាគខាងត្បូងនៃប្រទេសលីបង់ ដែលស្ថិតនៅចម្ងាយប្រហែល ៨គីឡូម៉ែត្រ ពីព្រំដែនអ៉ីស្រាអែល។ ទីតាំងនេះឯងជាកន្លែងដែលកងទ័ពលីបង់កំពុងឈរជើងក្នុងពេលបច្ចុប្បន្ន បន្ទាប់ពីបានដកថយចេញពីតំបន់ព្រំដែន នៅពេលរថក្រោះអ៉ីស្រាអែល បានរុលចូលភាគខាងត្បូងលីបង់កាលពីថ្ងៃទី៣០ ខែកញ្ញា។ ក្រសួងសុខាភិបាលលីបង់បានឱ្យដឹងថាចាប់តាំងពីចុងខែកញ្ញាមក មនុស្សជាង ១៦០០នាក់ត្រូវបានសម្លាប់ និងរាប់ពាន់នាក់រងរបួសក្នុងការវាយប្រហាររបស់អ៉ីស្រាអែល ហើយបើតាម អង្គការសហប្រជាជាតិមនុស្សជាង ១.២លាននាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។
ព្រមពេលជាមួយគ្នា ហេសបូឡា បាន និងកំពុងប្រយុទ្ធជាមួយកងទ័ពអ៉ីស្រាអែលនៅតាមភូមិជាច្រើននៅភាគខាងត្បូងលីបង់ ព្រមទាំងបង្កើនការវាយប្រហារដោយបាញ់គ្រាប់រ៉ុក្កែតចូលកាន់តែជ្រៅ ទៅក្នុងទឹកដីអ៉ីស្រាអែល។ លោកសាស្ត្រាចារ្យ Clive Jones ជានាយកនៃវិទ្យាស្ថានសម្រាប់តំបន់មជ្ឈិមបូព៌ា និងការសិក្សាពីឥស្លាម នៃសាកលវិទ្យាល័យ Durham មានមូលដ្ឋាននៅចក្រភពអង់គ្លេស បាននិយាយថា «នៅចន្លោះរវាងអ៉ីស្រាអែល និងហេសបូឡា កងទ័ពលីបង់កំពុងស្ថិតនៅក្នុងស្ថានភាពដ៍ពិបាកក្នុងការសម្រេចចិត្ត»។ លោកបន្ថែមថា «វាពិតជាមានរឿងតិចតួចណាស់ដែល កងទ័ពលីបង់អាចធ្វើបាន ប្រឈមមុខនឹងការវាយលុកពីអ៉ីស្រាអែល»។
ដោយសារតែវិបត្តិសេដ្ឋកិច្ចនៅលីបង់ជាង៥ឆ្នាំមកនេះ កងទ័ពលីបង់ត្រូវបានវាយតម្លៃថាមានកងទ័ពប្រហែល ៨០ ០០០នាក់ ដែលកំពុងធ្វើប្រតិបត្តិការដោយប្រើសព្វាវុធចាស់ហួសសម័យ និងគ្មាន ប្រព័ន្ធការពារដែនអាកាស ហើយកងទ័ពជើងទឹកក៏មានចំនួនតិចតួចទៅទៀត។ កងទ័ពលីបង់ទទួលបានជំនួយគាំទ្រម្ដងម្កាលពីសហរដ្ឋអាមេរិក និងកាតា ដោយក្នុងនោះកាតាកាលពីខែកញ្ញា បានផ្ដល់ ជំនួយ ១៥លានដុល្លារ សម្រាប់ទិញប្រេងឥន្ធនៈប្រើប្រាស់ក្នុងរយៈពេល៣ខែ រាប់ចាប់ពីថ្ងៃទី១ ខែតុលាតទៅ។ «យើងក៏ទទួលបានរបាយការណ៍ដែរថាកងទ័ពលីបង់ខ្លះ ត្រូវធ្វើការងារក្រៅម៉ោងបន្ថែម ក៏ព្រោះតែប្រាក់ខែរបស់ពួកគេមិនអាចទ្រទ្រង់ជីវភាពប្រចាំថ្ងៃបាន ហើយកងទ័ពទាំងនោះមានខ្លះជាមន្ត្រីជាន់ខ្ពស់ទៀតផង»។ នេះជាការគូសបញ្ជាក់របស់លោក Clive Jones។ បើធ្វើការប្រៀបធៀប ហេសបូឡាមានក្រុមអ្នកប្រយុទ្ធជាង ១០០ ០០០នាក់។ នេះបើតាមការអះអាងរបស់អតីតមេដឹកនាំហេសបូឡា លោក Hassan Nasrallah ដែលត្រូវបានអ៉ីស្រាអែលសម្លាប់កាលពីចុងខែកញ្ញា កន្លងទៅ។ ហេសបូឡាក៏ត្រូវបានរាយការណ៍ដែរថាទទួលបានការផ្គត់ផ្គង់អាវុធពីអ៉ីរ៉ង់។ បើតាមលោក Jones ជាទូទៅ តួនាទីរបស់កងទ័ពនៃបណ្ដាប្រទេសភាគច្រើន គឺការពារបូរណភាពទឹកដី ប៉ុន្តែ នេះជាភារកិច្ចមួយដែលកងទ័ពលីបង់មិនអាចធ្វើបាន ហើយកាន់តែមិនអាចធ្វើបានទៅទៀតក្នុងពេលបច្ចុប្បន្ន។
យ៉ាងណាក៏ដោយ ទោះជាកងទ័ពមិនមែនកំពុងស្ថិតក្នុងតួនាទីមួយដើម្បីការពារលីបង់ក៏ពិតមែន តែកងទ័ពលីបង់មានតួនាទីយ៉ាងសំខាន់ជានិមិត្តរូប ក្នុងស្មារតីជាតិ។ លោក Fadi Nicholas Nassar ជាអ្នកជំនាញម្នាក់មកពីវិទ្យាស្ថាន Middle East Institute យល់ថាកងទ័ពលីបង់ជាស្ថាប័នមួយស្ថិតនៅក្នុងចំណោមស្ថាប័នមួយចំនួនតូចដែលទទួលបានការជឿទុកចិត្ត ទាំងពីប្រជាជនលីបង់ ភាគច្រើន និងប្រទេសធំៗមួយចំនួន។ ចំណែក លោក Jones វិញបានសង្កត់ធ្ងន់ថាប្រសិនបើគេពិនិត្យមើលទៅលើការស្ទង់មតិ ស្ថាប័នមួយដែលប្រជាជនលីបង់ភាគច្រើនជឿទុកចិត្ត គឺមិនមែនជា រដ្ឋាភិបាលនោះទេ តែជាកងទ័ពលីបង់។ ជាក់ស្ដែង អគ្គមេបញ្ជាកលីបង់សព្វថ្ងៃលោក Joseph Aoun គឺមានប្រជាប្រិយភាពយ៉ាងខ្លាំង រហូតដល់គេចាត់ទុកថាជាបេក្ខជននាំមុខគេដែលមានតួនាទី សំខាន់ នៅពេលមានភាពជាប់គាំងរយៈពេល២ឆ្នាំនៅសភាលីបង់ ហើយលោកក៏ធ្លាប់ត្រូវបានតែងតាំងជាប្រធានាធិបតីទៀតផង។
ជាងនេះទៅទៀត នៅក្នុងប្រទេសមួយដែលមានការបែកបាក់សង្គម និងនយោបាយ ដូចជាលីបង់ កងទ័ពក៏ដើរតួនាទីយ៉ាងខ្លាំងផងដែរនៅក្នុងការថែរក្សាស្ថិរភាពតាមរយៈការធ្វើប្រតិបត្តិការជាមួយ កងទ័ពមួកខៀវរបស់ UN នៅភាគខាងត្បូងលីបង់។ ជាឧទាហរណ៍៖ ថ្មីៗនេះកងទ័ពលីបង់បានចេញមុខបន្ធូរបន្ថយភាពតានតឹងរវាងប្រជាជនលីបង់ដែលភៀសខ្លួនពីជម្លោះ និងប្រជាជននៅតាម មូលដ្ឋាន។ នេះបើតាមលោក David Wood ជាអ្នកវិភាគម្នាក់ខាងកិច្ចការលីបង់ ឱ្យស្ថាប័ន International Crisis Group។ អ្នកវិភាគរូបនេះបន្តថាវាអាចមានការរំពឹងថានៅពេលជម្លោះនៅលីបង់ ធូរស្រាល កងទ័ពលីបង់នឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរៀបចំសន្តិសុខ នៅក្រោយសង្រ្គាមសម្រាប់ភាគខាងត្បូងលីបង់ និងលីបង់ទាំងមូល។
គួរបញ្ជាក់ថា បណ្ដាមេដឹកនាំលោកខាងលិចមួយចំនួនបានចាត់ទុកថាកងទ័ពលីបង់ប្រៀបដូចជាមធ្យោបាយសម្រាប់ការផ្ដល់ជំនួយ។ ប្រធានាធិបតីបារាំង លោក Emmanuel Macron នឹងរៀបចំ កិច្ចប្រជុំកំពូលមួយនៅទីក្រុងប៉ារីស នៅថ្ងៃទី២៤ ខែតុលាខាងមុខ ដើម្បីប្រមូលផ្ដុំការគាំទ្រពីសហគមន៍អន្តរជាតិគាំទ្រដល់ស្ថាប័ននានារបស់លីបង់ ជាពិសេសស្ថាប័នចំណុះឱ្យកងកម្លាំងប្រដាប់អាវុធ លីបង់។ ប៉ុន្តែ លោក Wood យល់ថារឿងដែលសំខាន់ នោះគឺលក្ខខណ្ឌនៃការផ្ដល់ជំនួយ ពោលគឺសំណួរសួរថាតើសហគមន៍អន្តរជាតិចង់បានអ្វីមកវិញពីកងទ័ពលីបង់ ជាថ្នូរនឹងជំនួយហិរញ្ញវត្ថុ។ ប្រសិនបើបង្ខំ ឬដាក់សម្ពាធឱ្យកងទ័ពលីបង់ប្រឆាំងនឹងហេសបូឡា នោះវានឹងធ្វើឱ្យមានការបាក់បែកផ្ទៃក្នុងកាន់តែខ្លាំង។ ពីព្រោះថាកងទ័ពលីបង់ ឬមន្ត្រីដែលជាអ្នកកាន់និកាយស៊ីអ៉ីត ដូចគ្នានឹង ហេសបូឡា នៅក្នុងជួរកងទ័ពលីបង់ អាចនឹងមិនអនុវត្តតាមបទបញ្ជា ឬងើបឡើងបះបោរ ឬក៏រត់ចោលជួរទ័ពក៏ថាបាន។
ម្យ៉ាងវិញទៀត ការបង្ខំឱ្យកងទ័ពលីបង់ធ្វើសកម្មភាពប្រឆាំងនឹងអ៉ីស្រាអែល នោះវានឹងធ្វើឱ្យជម្លោះសព្វថ្ងៃរាលដាលទៅជាសង្រ្គាមរវាងរដ្ឋ និងរដ្ឋតែម្ដង។ អ៉ីស្រាអែលបាននិយាយថាខ្លួនកំពុងធ្វើ សង្រ្គាមជាមួយហេសបូឡា មិនមែនជាមួយកងទ័ព ឬប្រជាជនលីបង់ឡើយ។ មកទល់នឹងពេលនេះ កងទ័ពលីបង់មិនបានធ្វើអត្ថាធិប្បាយថាខ្លួននឹងធ្វើសកម្មភាពបែបណានោះទេ ប្រសិនបើ ការវាយលុកថ្មើរជើងរបស់អ៉ីស្រាអែលនៅតែបន្តរុលទៅមុខ៕