(សេអ៊ូល)៖ កូរ៉េខាងជើង បានចាត់ទុកថាកូរ៉េខាងត្បូងជា «សត្រូវ» ដែលនេះជាការទទួលស្គាល់ជាលើកដំបូងថាសភាជាតិរបស់ខ្លួន បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឱ្យស្របទៅតាមការសន្យារបស់លោក គីម ជុងអ៊ុន ដែលបានប្រកាសបោះបង់ចោលគោលនយោបាយបង្រួបបង្រួមកូរ៉េ ជាគោលដៅរបស់ជាតិ។ នេះបើតាម ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
KCNA នៅក្នុងសេចក្ដីរាយការណ៍មួយនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលានេះ បាននិយាយថាយោធាកូរ៉េខាងជើង បានបំផ្ទុះបំផ្លាញផ្នែកជាច្រើននៃផ្លូវថ្នល់ និងផ្លូវដែក ដែលតភ្ជាប់ជាមួយកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ ជាសកម្មភាពស្របច្បាប់ប្រឆាំងនឹង «រដ្ឋមួយដែលជាសត្រូវ» ដែលត្រូវបានកំណត់នៅក្រោមរដ្ឋធម្មនុញ្ញរបស់ កូរ៉េខាងជើង។ «នេះជាវិធានការដែលត្រូវតែធ្វើដោយចៀសមិនរួច និងស្របច្បាប់ ដែលត្រូវបានធ្វើឡើងអនុលោមតាមរដ្ឋធម្មនុញ្ញាកូរ៉េខាងជើង ដែលបានកំណត់ យ៉ាងច្បាស់ថាកូរ៉េខាងត្បូងជារដ្ឋដែលជាសត្រូវ»។ នេះជាការគូសបញ្ជាក់របស់ KCNA។
គួរបញ្ជាក់ថា កាលពីខែមករាកន្លងទៅ លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីលុបចោលគោលនយោបាយបង្រួបបង្រួមកូរ៉េ ដោយចោទប្រកាន់ថាកូរ៉េខាងត្បូង បានគប់គិតជាមួយសហរដ្ឋអាមេរិក ដើម្បីផ្ដួលរំលំរបបដឹកនាំរបស់លោកសព្វថ្ងៃ។ សភាជាតិកូរ៉េខាងជើង បានបើកសម័យប្រជុំ រយៈពេល២ថ្ងៃ កាលពីសប្ដាហ៍មុន ខណៈមានការរំពឹងទុកជាមុនទៅហើយថាកូរ៉េខាងជើងនឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីចាត់ទុកកូរ៉េខាងត្បូងជាសត្រូវ។
ប៉ុន្តែ ខាងប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង មិនបានផ្ដល់ព័ត៌មានលម្អិតពីការធ្វើវិសោធនកម្មនេះនោះទេ៕