(សាណា)៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា សហរដ្ឋអាមេរិក កាលពីថ្ងៃពុធសប្តាហ៍នេះ បានកំណត់គោលវាយប្រហារជាក់លាក់ លើទីតាំងស្តុកអាវុធក្រោមដីចំនួន ៥កន្លែង នៃតំបន់គ្រប់គ្រងដោយក្រុមហ៊ូទី នៅក្នុងប្រទេសយេម៉ែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ ២០២៤។
លោក Austin គូសបញ្ជាក់ថា «កងទ័ពអាមេរិក បានវាយប្រហារទីតាំងក្រោមដី របស់ក្រុមហ៊ូទី ដែលមានស្តុកអាវុធច្រើនប្រភេទ ហើយដែលក្រុមនេះទុកសម្រាប់ប្រើប្រាស់ ដើម្បីកំណត់គោលដៅលើនាវាស៉ីវិល និងយោធា នៅទូទាំងតំបន់ ដែលពួកគេចង់ធ្វើសកម្មភាព»។ ការវាយប្រហារនោះ កើតមានឡើងបន្ទាប់ពីយោធាអាមេរិក ធ្វើប្រតិបត្តិការយោធា ១៥លើក ប្រឆាំងនឹងគោលដៅ ដែលមានទំនាក់ទំនងជាមួយក្រុមហ៊ូទី កាលពីដើមខែតុលា។
គួរបញ្ជាក់ថា ហ៊ូទី ដែលគេស្គាល់ថាជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន ធ្លាប់បើកការវាយប្រហារជិត ១០០លើក មកលើកនាវាឆ្លងកាត់សមុទ្រក្រហម ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុនមក ដោយនិយាយថា ជាការសាមគ្គីភាពជាមួយប៉ាឡេស្ទីន ដែលកំពុងធ្វើសង្រ្គាមជាមួយអ៉ីស្រាអែល នៅតំបន់ហ្កាហ្សា៕