(យូអិន)៖ របាយការណ៍ពីអង្គការកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ហៅកាត់ UNDP បានបង្ហាញនាថ្ងៃព្រហស្បតិ៍នេះថា មនុស្សជាង១ពាន់លាននាក់ជុំវិញពិភពលោក កំពុងរស់នៅក្រោមស្ថានភាពទីទាល់ក្រ ក្នុងនោះរួមមានកុមារជាងពាក់កណ្តាល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤។
អង្គការ UNDP ក្រោមការសហការជាមួយអង្គការ Oxford Poverty and Human Development Initiative (OPHI) បានចេញផ្សាយរបាយការណ៍ ស្តីពីសន្ទស្សន៍ភាពក្រីក្រពហុសមាសភាគសកល ឬMPI ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១០មក ដោយប្រមូលទិន្នន័យពីប្រទេសចំនួន១១២ ដែលមានចំនួនប្រជាជនសរុប ៦.៣ពាន់លាននាក់។
របាយការណ៍ខាងលើ បានបង្ហាញថា ក្នុងចំណោមមនុស្ស១.១ពាន់លាននាក់ ដែលជួបភាពទីទាល់ក្រ ៤៥៥លាននាក់ រស់នៅក្រោមស្រមោលនៃជម្លោះ។ ប្រមាណ៥៨៤លាននាក់ នៃជនក្រីក្រទាំងជាង១ពាន់លាននាក់ មានអាយុក្រោម១៨ឆ្នាំ ដែលស្មើនឹង២៧.៩ភាគរយ នៃចំនួនកុមារសរុបនៅទូទាំងពិភពលោក ធៀបនឹង១៣.៥ភាគរយ នៃចំនួនមនុស្សពេញវ័យ។
គួរបញ្ជាក់ថា របាយការណ៍ MPI ឆ្នាំ២០២៤ ក៏បានបង្ហាញផងដែរថា ៨៣.២ភាគរយ នៃប្រជាជនក្រីក្របំផុតលើពិភពលោក គឺរស់នៅតំបន់ Sub-Saharan នៃទ្វីបអាហ្រ្វិក និងតំបន់អាស៉ីខាងត្បូង ដោយឥណ្ឌាជាប្រទេស ដែលមានចំនួនជនទីទាល់ក្រច្រើនជាងគេបង្អស់ គឺ២៣៤លាននាក់ នៃប្រជាជនសរុប១.៤ពាន់លាននាក់របស់ខ្លួន។ បន្ទាប់មក រួមមាន ប៉ាគីស្ថាន អេត្យូពី នីហ្សេរីយ៉ា និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ ជិតពាក់កណ្តាល នៃប្រជាជនទីទាល់ក្រ១.១ពាន់លាននាក់ គឺរស់នៅក្នុងប្រទេសទាំង៥នេះ៕