(តូក្យូ)៖ ការស្ទង់មតិដោយប្រព័ន្ធផ្សព្វផ្សាយ នៅប្រទេសជប៉ុន មុនការបោះឆ្នោតសកលថ្ងៃទី២៧ ខែតុលា បានបង្ហាញថា គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាបក្សកំពុងកាន់អំណាច ប្រហែលនឹងបាត់បង់ការគ្រប់គ្រងអាសនៈភាគច្រើន ក្នុងរដ្ឋសភា ដែលប្រការនេះមានន័យថា LDP នឹងត្រូវពឹងផ្អែកលើគណបក្សដៃគូ គឺ Komeito ដើម្បីអាចនៅបន្តកាន់អំណាច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ការស្ទង់មតិរបស់កាសែត Nikkei បានបង្ហាញថា គណបក្ស LDP អាចនឹងមិនឈ្នះអាសនៈ បានដល់២៣៣ឡើយ ដែលជាចំនួនចាំបាច់ ក្នុងការគ្រប់គ្រងសំឡេងភាគច្រើន នៅរដ្ឋសភាដែលមានអាសនៈសរុប៤៦៥។ LDP បានបន្តគ្រប់គ្រងសំឡេងភាគច្រើន ដោយខ្លួនឯងនៅក្នុងរដ្ឋសភា ចាប់តាំងតែពីត្រឡប់មកកាន់អំណាចវិញ កាលពីឆ្នាំ២០១២។
បច្ចុប្បន្ន រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី លោក Shigeru Ishiba កំពុងពឹងផ្អែករួចស្រេចទៅហើយលើ គណបក្ស Komeito ដើម្បីអាចកាន់កាប់សំឡេងភាគច្រើន នៅក្នុងព្រឹទ្ធសភា។ ការពង្រីកការពឹងផ្អែកនេះទៅកាន់រដ្ឋសភា ដែលជាសភាមានអំណាចធំ អាចផ្តល់ឥទ្ធិពលច្រើនជាងមុន ដល់ Komeito នៅក្នុងការតាក់តែងគោលនយោបាយ។
គួរបញ្ជាក់ថា លោក Ishiba បានរំលាយរដ្ឋសភា កាលពីថ្ងៃទី៩ ខែតុលា ដើម្បីបើកផ្លូវរៀបចំការបោះឆ្នោតសកលមុនអាណត្តិ នាថ្ងៃទី២៧ ខែតុលា។ លោកបានក្លាយជាមេដឹកនាំថ្មី របស់បក្ស LDP កាលពីខែកញ្ញា បន្ទាប់ពីលោក Fumio Kishida បានសម្រេចចិត្តលាលែងពីតំណែង ក្រោយកាន់អំណាចបាន៣ឆ្នាំ ដោយសារតែការលេចឡើងរឿងអាស្រូវជាបន្តបន្ទាប់ ពាក់ព័ន្ធអ្នកនយោបាយរបស់ LDP៕