(កង់បេរ៉ា)៖ ក្រសួងការពារជាតិអូស្រ្តាលី បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលាថា អូស្រ្តាលីនឹងបរិច្ចាគរថក្រោះ Abrams ផលិតដោយសហរដ្ឋអាមេរិក ចំនួន៤៩គ្រឿង ឱ្យអ៊ុយក្រែន ដើម្បីជួយពង្រឹងកងកម្លាំងជើងគោករបស់អ៊ុយក្រែន មុនរដូវរងាដ៏លំបាក ចូលមកដល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
រថក្រោះ M1A1 Abrams ទាំងប៉ុន្មានខាងលើ គឺដំបូងឡើយត្រូវបានអូស្រ្តាលីគ្រោងដាក់ឱ្យចូលនិវត្តន៍ នៅឆ្នាំ២០២៥ ក៏ប៉ុន្តែជំនួសមកវិញ ទីក្រុងកង់បេរ៉ាបានសម្រេចចិត្ត បញ្ជូនពួកវាទៅជួយកិច្ចប្រឹងប្រែងសង្រ្គាមរបស់អ៊ុយក្រែន ក្នុងការទប់ការឈ្លានពានរបស់រុស្ស៉ី។ អ៊ុយក្រែនបានដាក់សំណើមួយចំនួន ឱ្យអូស្រ្តាលីបរិច្ចាគបរិក្ខារយោធាចាស់ៗ ឱ្យទៅខ្លួន។ យ៉ាងណាមិញ អូស្រ្តាលីបានសម្រេចចិត្ត ដោះរុះរើចោលឧទ្ធម្ភាគចក្រ MRH-90 Taipan ក្រោយដាក់ឱ្យចូលនិវត្តន៍កាលពីឆ្នាំមុន ជាជាងបញ្ជូនពួកវាទៅអ៊ុយក្រែន ក្រោមហេតុផលថា ឧទ្ធម្ភាគចក្រទាំងនោះ លែងអាចប្រើប្រាស់ក្នុងការហោះហើរដោយសុវត្ថិភាព តទៀតហើយ។
គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហោះសារអរគុណ ការបរិច្ចាគរថក្រោះរបស់អូស្រ្តាលី ខណៈរដ្ឋមន្រ្តីឧស្សាហកម្មការពារជាតិអូស្រ្តាលី លោក Pat Conroy ក៏នឹងត្រូវជួបពិភាក្សាផងដែរជាមួយ ក្រុមមន្រ្តីអ៊ុយក្រែន នៅទីស្នាក់ការអង្គការ NATO ក្នុងទីក្រុងព្រុចសែលនៃប្រទេសបែលហ្ស៉ិក នាសប្តាហ៍នេះ៕