(ម៉ានីល)៖ អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសនៅភាគខាងលិចនៃតំបន់ប៉ាស៉ីហ្វិក ទំនងជាមិនអាចបំពេញគោលដៅ របស់អង្គការសហប្រជាជាតិ (UN) បានទេ ក្នុងការកាត់បន្ថយអត្រាអ្នកស្លាប់មុនអាយុ បណ្តាលមកពីជំងឺ ទាក់ទងនឹងរបៀបរបបរស់នៅ រួមទាំងជំងឺមហារីក ទឹកនោមផ្អែម ដោយតែការប្រើប្រាស់គ្រឿងស្រវឹង និងថ្នាំជក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ ២០២៤។
ជំងឺបណ្តាលមកពីរបៀបរបបរស់នៅ ដូចជាគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល ហឺត និងសួត ជាដើមចមនៃការស្លាប់ជាង ៨០ភាគរយ ក្នុងចំណោមប្រជាជន ១.៩ពាន់លាននាក់ នៅក្នុងប្រទេសប៉ាស៉ីហ្វិកខាងលិច។ គោលដៅរបស់ UN គឺចង់ឱ្យកាត់បន្ថយកអ្នកស្លាប់មុនអាយុ ឱ្យបានមួយភាគបីនៅឆ្នាំ ២០៣០ ប៉ុន្តែមកទល់ពេលនេះ តំបន់កាត់បន្ថយបានតែជាង ២៥ភាគរយប៉ុណ្ណោះនៃគោលដៅកំណត់។
មន្រ្តីជាន់ខ្ពស់របស់ WHO ប្រចាំតំបន់ប៉ាស៉ីហ្វិកខាងលិច លោក Kidong Park បញ្ជាក់ថា «យើងទាយថា មិនអាចបំពេញតាមកាលកំណត់ នៅឆ្នាំ ២០៣០បានទេ ដោយសារតែការប្រើប្រាស់គ្រឿងស្រវឹង និងថ្នាំជក់ នៅតែជាកត្តាហានិភ័យភាគច្រើន»។ លោក Park បានបន្ថែមថា ការថយចុះនូវការប្រើប្រាស់គ្រឿងស្រវឹង និងថ្នាំជក់ក្នុងកម្រិតយឺតយាវ កំពុងនាំឱ្យលំបាកដល់ការគ្រប់គ្រងជំងឺ ខណៈសន្ទុះនៃការកាត់បន្ថយ សម្រេចបានតិចជាងគោលដៅ នៃកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង សម្រាប់មនុស្សម្នាក់ៗ ក្នុងមួយឆ្នាំ និងកាត់បន្ថយលើការប្រើប្រាស់ ថ្នាំជក់ ចំនួន ៤០ភាគរយ។
ប្រទេសមួយចំនួន ដូចជា មីក្រូនេស៉ី ប៉ាពួ អាស៉ីនូវែលហ្គីណេ (Papua New Guinea) ដែនកោះសូឡូម៉ុន ថែមទាំងរកឃើញមានការកើនឡើងទៀត នូវកត្តាស្លាប់មុនអាយុដោយសារជំងឺ ចន្លោះឆ្នាំ ២០០០ និង ២០១៩ ដែលប៉ះពាល់ដល់និន្នាការថយចុះជារួម នៅក្នុងតំបន់តែម្តង។ តាម WHO មានតែអូស្ត្រាលី នូវែលសេឡង់ និងវ៉ានូអាទូប៉ុណ្ណោះ ដែលបានដាក់ពន្ធក្នុងកម្រិតអនុវត្តល្អបំផុត ដោយយ៉ាងហោចណាស់ ៧៥ភាគរយនៃតម្លៃលក់រាយ។ ដោយឡែក មន្ត្រីជាន់ខ្ពស់ WHO ម្នាក់ទៀត គឺលោក Hiromasa Okayasu ក៏បានជំរុញឱ្យប្រទេសនានា រឹតបន្តឹងច្បាប់ស្តីពីបារីអេឡិចត្រូនិច ដោយលើកឡើងពីបទប្បញ្ញត្តិធូររលុង របស់ប្រទេសសមាជិកមួយចំនួនផងដែរ។
គួរបញ្ជាក់ថា ការកាត់បន្ថយកត្តាស្លាប់មុនអាយុ ដោយសារជំងឺបណ្តាលមកពីរបៀបរបបរស់នៅ គឺស្ថិតក្នុងចំណោម ការកំណត់យ៉ាងទូលំទូលាយ ក្រោមគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដែលគ្របដណ្តប់លើសូចនាករចំនួន ១៧ រួមមានការកែលម្អលទ្ធភាពទទួលបានការអប់រំ ការថែទាំសុខភាព ការផ្តល់ថាមពលស្អាត និងការការពារជីវចម្រុះ៕