(ប៉េកាំង)៖ “ទំហំពាណិជ្ជកម្មនាំចេញរបស់ប្រទេសចិនសម្រេចបាន នូវកំណើនក្នុងរយៈពេលបីត្រីមាសជាប់ៗគ្នា ” “ទិន្នន័យជាច្រើនបានបំបែកកំណត់ត្រាថ្មី” “ទីផ្សារមានជំនឿចិត្ត កាន់តែខ្លាំងចំពោះសេដ្ឋកិច្ចចិន” ។ល។ បន្ទាប់ពី “តារាងពិន្ទុ”ថ្មីបំផុតនៃពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ប្រទេសចិន ត្រូវបានប្រកាសនាពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានបរទេសល្បីៗ បាននាំគ្នាវាយតម្លៃដូចពោលខាងលើ។

ទិន្នន័យបានបង្ហាញឱ្យឃើញថា បីត្រីមាសដើមឆ្នាំនេះ ទំហំនាំចេញនាំចូលទំនិញរបស់ប្រទេសចិន មានចំនួន៣២,៣៣ ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៥,៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។ ក្នុងនោះ ការនាំចេញបានកើនឡើង៦,២ភាគរយ ការនាំចូលបានកើនឡើង៤,១ភាគរយ។ មតិអន្តរជាតិបានលើកឡើងថា ក្នុងបរិបទដែលសេដ្ឋកិច្ចសកលកំពុងងើបឡើងវិញ និងការការពារផ្នែកពាណិជ្ជកម្មនៅទូទាំងពិភពលោក មានភាពកាន់តែខ្លាំងឡើងៗ ពាណិជ្ជកម្មជាមួយក្រៅប្រទេស របស់ប្រទេសចិនសម្រេចបាន នូវកំណើនដោយនឹងនរដែលលើសពី ការប៉ាន់ប្រមាណ វាគឺបានមកដោយមិនងាយទេ។

គួរបញ្ជាក់ផងដែរថា ក្នុង “តារាងពិន្ទុ”នេះបានលេចចេញពាក្យ“លើកដំបូង”ចំនួនពីរ មួយគឺក្នុងបីត្រីមាសដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មនាំចេញនាំចូល បានបំបែកកំណត់ត្រាចំនួន ៣២ទ្រីលានយាន់ប្រាក់ចិន ជាលើកដំបូងក្នុងរយៈពេលដូចគ្នាក្នុងប្រវត្តិសាស្ត្រ។ មួយទៀត គឺទំហំពាណិជ្ជកម្មនាំចេញនាំចូលក្នុងត្រីមាសនីមួយៗ សុទ្ធតែបានលើសពី ១០ទ្រីលានយាន់ប្រាក់ចិន ព្រមទាំងលេចចេញនិន្នាការកើនឡើង ពីមួយត្រីមាសទៅមួយត្រីមាស នេះក៏ជាលើកដំបូងក្នុងរយៈពេលដូចគ្នា ក្នុងប្រវត្តិសាស្ត្រផងដែរ។

តើសមិទ្ធផលបែបនេះគឺទទួលបានមកពីណា? បើមើលពីក្នុងស្រុកអាចឃើញថា គឺទទួលបានដោយមកពីខ្សែសង្វាក់ផ្គត់ផ្គង់ នៃឧស្សាហកម្មផលិតកម្មដែលមានភាពល្អពេញលេញ ប្រសិទ្ធភាពនៃសេដ្ឋកិច្ចដែលមានទ្រង់ទ្រាយមធ្យមនិងធំ និងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យា ផលិតផលរបស់ចិនមានកម្លាំងប្រកួតប្រជែងយ៉ាងខ្លាំងក្លា ដែលបានផ្តល់មូលដ្ឋានគ្រឹះនិងការធានាដល់ ការត្រួសត្រាយទីផ្សារអន្តរជាតិជាបន្តបន្ទាប់។

បើមើលពីលក្ខខណ្ឌខាងក្រៅអាចឃើញថា នាពេលថ្មីៗកន្លងទៅនេះ តម្រូវការអន្តរជាតិបានងើបឡើងវិញ ប្រការនេះបានផ្តល់ លក្ខខណ្ឌអនុគ្រោះដល់ការនាំចេញរបស់ប្រទេសចិន ។ ប៉ុន្មានថ្ងៃជាប់មកនេះ របាយការណ៍នៃអង្គការពាណិជ្ជកម្មពិភពលោក បានដំឡើងការប៉ាន់ប្រមាណចំពោះល្បឿនកំណើន នៃបរិមាណពាណិជ្ជកម្មទំនិញពេញមួយឆ្នាំ អង្គការអន្តរជាតិ ដូចជាធនាគារពិភពលោក និងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចជាដើម សម្គាល់ឃើញថា សេដ្ឋកិច្ចសកល កំពុងមានភាពនឹងនរជាបណ្តើរៗ។

ក្រោមបរិបទបែបនេះ ក្នុងបីត្រីមាសដើមឆ្នាំនេះ ការនាំចេញរបស់ប្រទេសចិនទៅកាន់ទីផ្សារប្រពៃណី ដូចជាអឺរ៉ុប អាមេរិកនិងជប៉ុនជាដើម បានកើនឡើង៤,២ភាគរយ រីឯការនាំចេញរបស់ប្រទេសចិន ទៅកាន់ទីផ្សារងើបឡើងថ្មី ដូចជាអាស៊ាន និងអាមេរិកឡាទីនជាដើម បានកើនឡើង១២,៣ភាគរយនិង១៣,៧ភាគរយដោយឡែកពីគ្នា។

ពាក្យ “លើកដំបូង”ទាំងពីរក្នុងពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ប្រទេសចិន មិនត្រឹមតែបានបង្ហាញឱ្យឃើញ នូវកំណើនដោយនឹងនរនិងការលើកកម្ពស់ គុណភាពរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏បានបញ្ជូននូវផលិតផលចិន ប្រកបដោយបច្ចេកវិទ្យាខ្ពស់ ភាពវៃឆ្លាតនិងភាពបៃតងកាន់តែច្រើនទៅកាន់ពិភពលោកទៀតផង។

ព្រមពេលជាមួយគ្នានេះ ប្រទេសចិនបានចែករំលែកទីផ្សារធំ និងឱកាសថ្មីជាមួយពិភពលោក តាមរយៈការពង្រីកការនាំចេញ ។ ក្នុងបីត្រីមាសដើមឆ្នាំនេះ ទំហំនាំចូលរបស់ប្រទេសចិន បានកើនឡើងពីមួយត្រីមាសទៅមួយត្រីមាស ពាណិជ្ជកម្មជាមួយប្រទេស និងតំបន់ចំនួនជាង១៦០នៅលើពិភពលោកសម្រេចបាន នូវកំណើនកើនឡើង។ ក្នុងអំឡុងពេលនេះ រដ្ឋាភិបាលចិនបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយបណ្តាភាគីនានាយ៉ាងសកម្ម ក្នុងន័យត្រួសត្រាយ ទីផ្សារនៃប្រទេសដែលរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ក៏ដូចជានាំចូលផលិតផលប្រកបដោយគុណភាពខ្ពស់។

ពាណិជ្ជកម្មជាមួយក្រៅប្រទេសជា “កញ្ចក់”ឆ្លុះបញ្ចាំងពីការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសមួយ។ និន្នាការដ៏ល្អប្រសើរ នៃពាណិជ្ជកម្មជាមួយក្រៅប្រទេស របស់ប្រទេសចិន ត្រូវបានពង្រឹងជាបន្តបន្ទាប់ ដែលបង្ហាញ ពីភាពធន់និងកម្លាំងរស់រវើក របស់សេដ្ឋកិច្ចចិន។ ប៉ុន្មានថ្ងៃកន្លងទៅនេះ គ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិ ដូចជាក្រុមហ៊ុន Goldman Sachsរបស់អាមេរិកជាដើមបានបញ្ជាក់ថា នឹងដំឡើងការប៉ាន់ប្រមាណចំពោះ កំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០២៤ ដោយយោងទៅលើវិធានការជំរុញសេដ្ឋកិច្ច និងទីផ្សារដែលប្រទេសចិនបានដាក់ចេញ នៅពេលថ្មីៗកន្លងទៅនេះ។

បណ្តាភាគីនានាយល់ឃើញថា ប្រទេសចិននៅតែជាទីផ្សារ ដែលអ្នកវិនិយោគបរទេសមិនអាចលះបង់បាន ចិនជាកម្លាំងចលករដ៏សំខាន់ ក្នុងការងើបឡើងវិញរបស់ពាណិជ្ជកម្មសកល ហើយក៏ជាក្បាលម៉ាស៊ីធំបំផុត នៃកំណើនសេដ្ឋកិច្ចសកលផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន