(ហ្គាហ្សា)៖ ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើសាលារៀនមួយ នៅក្នុងទីក្រុង Jabalia ភាគខាងជើងតំបន់ហ្គាហ្សាដែលកំពុងផ្តល់ជម្រកដល់ជនភៀសខ្លួន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៩នាក់ រួមទាំងកុមារផងដែរ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។
មន្ត្រីក្រសួងសុខាភិបាលហ្គាហ្សាបាននិយាយថា មនុស្សរាប់សិបនាក់ ក៏បានរងរបួសនៅក្នុងការវាយប្រហារនេះដែរ ដោយបន្ថែមថា «មិនមានទឹកសម្រាប់ពន្លត់ភ្លើងទេ។ មិនមានអ្វីទាំងអស់»។
គួរបញ្ជាក់ថា ការវាយប្រហារនេះបានកើតឡើង នៅចំពេលដែលអ៊ីស្រាអែល កំពុងបង្កើនការវាយប្រហារទៅលើតំបន់ហ្គាហ្សា។ អ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងកំណត់គោលដៅទៅលើក្រុមហាម៉ាស និងហេដ្ឋារចនាសម្ព័ន្ធយោធា ប៉ុន្តែក្រុមសិទ្ធិមនុស្សបានចោទប្រកាន់អ៊ីស្រាអែល ពីបទសម្លាប់ជនស៊ីវិល។
អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានបទឈប់បាញ់ ដើម្បីអនុញ្ញាតឱ្យមានការផ្តល់ជំនួយមនុស្សធម៌ ដល់ប្រជាជននៅក្នុងតំបន់ហ្គាហ្សា។ ទោះជាយ៉ាងណាការប្រយុទ្ធគ្នានៅតែបន្តកើតមានឡើង៕