(តេអេរ៉ង់)៖ មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានព្រមានអ៊ីស្រាអែល កុំឱ្យវាយប្រហារអ៊ីរ៉ង់ជាការសងសឹក ចំពោះការវាយប្រហារដោយមីស៊ីល កាលពីថ្ងៃទី ១ ខែតុលា។ ការព្រមាននេះធ្វើឡើងនៅចំពេលដែលអ៊ីស្រាអែលកំពុងបង្កើនការវាយប្រហារទៅលើក្រុមហេសបូឡា នៅលីបង់។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។
មានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីលទ្ធភាពនៃការផ្ទុះសង្រ្គាម ទ្រង់ទ្រាយធំមួយនៅមជ្ឈិមបូព៌ា។ នេះដោយសារតែអ៊ីស្រាអែល កំពុងរៀបចំដើម្បីវាយប្រហារតបតទៅលើអ៊ីរ៉ង់ បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលមកលើអ៊ីស្រាអែល កាលពីថ្ងៃទី ១ ខែតុលា។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក Hossein Salami បានព្រមានថា អ៊ីរ៉ង់នឹងវាយប្រហារអ៊ីស្រាអែលយ៉ាងឈឺចាប់ ប្រសិនបើអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់។ លោកបានបន្ថែមថាអ៊ីរ៉ង់អាចជ្រៀតចូល តំបន់ការពាររបស់អ៊ីស្រាអែល។
សហរដ្ឋអាមេរិកនិងអេហ្ស៊ីប បានអំពាវនាវឱ្យអ៊ីស្រាអែលនិងអ៊ីរ៉ង់ ជៀសវាងការបង្កើនជម្លោះ។ ទោះជាយ៉ាងណាក៏ដោយ អ៊ីស្រាអែល នៅតែបន្តការវាយប្រហារ ទៅលើក្រុមហេសបូឡានៅលីបង់ និងក្រុមហាម៉ាសនៅហ្គាហ្សា។
អ៊ីស្រាអែលក៏បានវាយប្រហារទៅលើទីក្រុង Latakia ប្រទេសស៊ីរី និងតំបន់មួយនៅក្នុងប្រទេសយេម៉ែន ដែលគ្រប់គ្រងដោយក្រុម Houthi ដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ផងដែរ។ ការវាយប្រហារទាំងនេះ បានបង្កឱ្យមានការព្រួយបារម្ភអំពីការកើនឡើងនៃជម្លោះ នៅក្នុងតំបន់មជ្ឈិមបូព៌ា៕