(ហ្គាហ្សា)៖ មន្ត្រីក្រសួងសុខាភិបាលហ្គាហ្សាបាននិយាយថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ២៨ នាក់រួមទាំងកុមារត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងការវាយឆ្មក់របស់អ៊ីស្រាអែលទៅលើជម្រកមួយនៅភាគខាងជើងហ្គាហ្សាស្ទ្រីប។ អ៊ីស្រាអែលបាននិយាយថា ការវាយប្រហារនេះបានផ្តោតលើក្រុមសកម្មប្រយុទ្ធរាប់សិបនាក់នៅកន្លែងនោះ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។
លោក Medhat Abbas ដែលជាមន្ត្រីក្រសួងសុខាភិបាលហ្គាហ្សាបាននិយាយថា មនុស្សរាប់សិបនាក់ ក៏បានរងរបួសនៅក្នុងការវាយប្រហារនេះដែរ ដោយបន្ថែមថា «មិនមានទឹកសម្រាប់ពន្លត់ភ្លើងទេ។ មិនមានអ្វីទាំងអស់»។
កងទ័ពអ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍មួយអះអាងថា ការវាយប្រហារនោះផ្តោតលើក្រុមសកម្មប្រយុទ្ធមកពីក្រុមហាម៉ាស និងក្រុមជីហាតអ៊ីស្លាម ដែលកំពុងប្រតិបត្តិការពីខាងក្នុងសាលារៀន Abu Hussein ក្នុងទីក្រុង Jabalia ដែលជាជម្រកសម្រាប់ជនភៀសខ្លួន។ របាយការណ៍បានបន្ថែមថា មានជនសកម្មប្រយុទ្ធរាប់សិបនាក់នៅក្នុងបរិវេណសាលារៀននោះ នៅពេលការវាយប្រហារបានកើតឡើង ដោយបានផ្តល់ឈ្មោះយ៉ាងហោចណាស់ ១២ នាក់ក្នុងចំណោមពួកគេ ប៉ុន្តែ Reuters មិនអាចផ្ទៀងផ្ទាត់ភ្លាមៗបានទេ។
ទន្ទឹមគ្នានេះ កងទ័ពអ៊ីស្រាអែលអះអាងថា ខ្លួនបានចាត់វិធានការចាំបាច់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិល និងចោទប្រកាន់ក្រុមហាម៉ាសថាប្រើប្រាស់ពួកគេជាខែលការពារខ្លួន។ ក្រុមហាម៉ាសបានបដិសេធការចោទប្រកាន់នេះ។
ក្រុមហាម៉ាសបានចេញសេចក្តីថ្លែងការណ៍មួយបដិសេធការចោទប្រកាន់អំពីវត្តមានរបស់ពួកយុទ្ធជននៅក្នុងសាលា ដោយហៅវាថាជា «ការកុហក» និង «គោលនយោបាយជាប្រព័ន្ធរបស់សត្រូវដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃឧក្រិដ្ឋកម្មរបស់ខ្លួន»។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសនៅហ្គាហ្សាបានរាយការណ៍ថា មនុស្ស ២៨ នាក់បានស្លាប់ និង ១៦០ នាក់បានរងរបួសនៅក្នុងការវាយប្រហារនេះ៕