(វ៉ាស៊ីនតោន)៖ យោធាអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលាថាកងកម្លាំងរបស់ខ្លួនមិនបានចូលរួមនៅក្នុងប្រតិបត្តិការរបស់អ៉ីស្រាអែល ដែលបានសម្លាប់ មេដឹកនាំហាម៉ាស លោក Yahya Sinwar នោះទេ បើទោះជាចារកម្មអាមេរិកបានចែករំលែកព័ត៌មានជាមួយអ៉ីស្រាអែលដើម្បីស្វែងយល់ពីមេដឹកនាំហាម៉ាសរូបនេះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ៉ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានអះអាងថាមេដឹកនាំហាម៉ាស លោក Yahya Sinwar ដែលជាស្ថាបនិកការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលនាំទៅរកការផ្ទុះសង្រ្គាមនៅហ្កាហ្សា ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធាមួយរបស់ទាហានអ៉ីស្រាអែលនៅភាគខាងត្បូងហ្កាហ្សា កាលពីថ្ងៃពុធកន្លងទៅ។ ភ្លាមៗក្រុមហាម៉ាសមិនទាន់បានធ្វើអត្ថាធិប្បាយអ្វីទេ តែប្រភពផ្ទៃក្នុងហាម៉ាសបាននិយាយថាមានសញ្ញាពីតំបន់ហ្កាហ្សាដែលសន្មត់ថា លោក Sinwar ត្រូវបានសម្លាប់ ក្នុងប្រតិបត្តិការមួយរបស់អ៉ីស្រាអែល។
ជុំវិញការអះអាងនេះដែរ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Patrick Ryder បានគូសបញ្ជាក់ថា «វាគឺជាប្រតិបត្តិការរបស់អ៉ីស្រាអែល ហើយមិនមានកងទ័ពអាមេរិកបាន ចូលរួមដោយផ្ទាល់នោះឡើយ»។ ប៉ុន្តែ អ្នកនាំពាក្យរូបនេះឱ្យដឹងថាសហរដ្ឋអាមេរិកបានចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៉ីស្រាអែល ពាក់ព័ន្ធនឹងការតាមដាន និងចាប់ទីតាំង របស់មេដឹកនាំហាម៉ាស។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់អ្នកនាំពាក្យមន្ទីរបញ្ចកោណ ធ្វើឡើង បន្ទាប់ពីសេតវិមានបានចេញផ្សាយសេចក្ដីថ្លែងការណ៍របស់លោក ចូ បៃដិន ស្ដីពីការស្លាប់របស់លោក Sinwar ដោយក្នុងនោះលោក បៃដិន បាននិយាយថានៅបន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ លើអ៉ីស្រាអែល លោកផ្ទាល់ថាបាន បញ្ជាឱ្យកងកម្លាំងពិសេស និងចារកម្មអាមេរិក ជួយអ៉ីស្រាអែលក្នុងការតាមប្រមាញ់លោក Sinwar និងមេដឹកនាំហាម៉ាសដទៃទៀត៕