(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃសៅរ៍ ទី១៩ ខែតុលានេះបាននិយាយថាខ្លួនបានរកឃើញខ្មោចដ្រូនមួយគ្រឿងរបស់យោធាកូរ៉េខាងត្បូងដែលបានធ្លាក់ បន្ទាប់ពីបានចោទប្រកាន់ថា ទីក្រុងសេអ៊ូលបានបង្ហោះដ្រូនចូលក្នុងរដ្ឋធានីព្យុងយ៉ាងកាលពីពេលថ្មីៗនេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
KCNA បានអះអាងថាដោយផ្អែកលើការពិនិត្យលើរូបរាងរបស់ដ្រូន រយៈពេលនៃការហោះហើរ រួមទាំងខិត្តប័ណ្ណភ្ជាប់នៅផ្នែកកន្ទុយ វាអាចបញ្ជាក់ថាដ្រូននេះគឺជាដ្រូនមួយដែលបានបាច ខិត្តប័ណ្ណក្នុងដែនអាកាសនៃរដ្ឋធានីព្យុងយ៉ាង។ ក៏ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងមួយនេះបញ្ជាក់ថាមិនទាន់មានការសន្និដ្ឋានចុងក្រោយនៅឡើយទេ។ រដ្ឋាភិបាលកូរ៉េខាងត្បូង បានបដិសេធមិននិយាយនោះទេថាតើដ្រូនពិតជាត្រូវបានបង្ហោះមែន ឬក៏បើត្រូវបានបង្ហោះពិតមែន ថាតើវាត្រូវបានបង្ហោះដោយយោធារបស់ខ្លួន ឬជនស៊ីវិល ឬក៏យ៉ាងណានោះទេ។
ជាមួយគ្នានោះដែរ KCNA បានព្រមានថាប្រសិនបើមានការបំពានលើដីគោក ដែនអាកាស និងដែនទឹករបស់កូរ៉េខាងជើងដោយមធ្យោបាយណាមួយរបស់កូរ៉េខាងត្បូង ត្រូវបានរកឃើញ និងបញ្ជាក់ថាពិតប្រាកដមែនសាជាថ្មី នោះសកម្មភាពនោះនឹងត្រូវបានចាត់ទុកថាជាការបង្ករឿងយោធាយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងអធិបតេយ្យរបស់កូរ៉េខាងជើង ហើយការប្រកាសសង្រ្គាម និងការវាយប្រហារសងសឹកវិញភ្លាមៗ អាចនឹងត្រូវធ្វើឡើង។ ប៉ុន្តែជាការឆ្លើយតប ក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថាការអះអាង របស់កូរ៉េខាងជើងធ្វើឡើងតែម្ខាង គឺមិនមានភស្តុតាងអ្វីទាំងអស់។
គួរបញ្ជាក់ថា ភាពតានតឹងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង បានកើតឡើង ចាប់តាំងពីកូរ៉េខាងជើងបានចាប់ផ្ដើមបង្ហោះបាឡុងផ្ទុកសំរាមចូលដីកូរ៉េខាងត្បូង កាលពីចុងខែឧសភាកន្លងទៅ ជំរុញឱ្យសេអ៊ូលចាត់វិធានការសងសឹកជាមួយការដាក់ឱ្យដំណើរការឡើងវិញនៅឧបករណ៍បំពងសំឡេងឃោសនារិះគន់ប្រឆាំងកូរ៉េខាងជើង នៅតាមតំបន់ព្រំដែន។ កូរ៉េខាងជើង កាន់តែ បង្កើនវោហាសាស្ត្រនាប៉ុន្មានថ្ងៃថ្មីៗនេះ ដោយចោទប្រកាន់យោធាកូរ៉េខាងត្បូងថាបានបង្ហោះដ្រូនចូលដែនអាកាសទីក្រុងព្យុងយ៉ាង ក្នុងរយៈពេល៣ថ្ងៃនៅក្នុងខែតុលានេះ ហើយក៏បានគំរាម ផងដែរថាប្រសិនបើប្រទះឃើញដ្រូនក្នុងដែនអាកាសរបស់ខ្លួនជាថ្មីម្ដងទៀត នោះកូរ៉េខាងត្បូងនឹងត្រូវប្រឈមមុខមហន្តរាយដ៏គួរឱ្យរន្ធត់៕