(ប៉េកាំង)៖ មួយរយៈពេលកន្លងទៅនេះ សហគ្រាសទុនបរទេសនិងប្រព័ន្ធសារព័ត៌មានបរទេស ផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះ គោលនយោបាយបន្ថែមមួយចំនួន ដែលដាក់ចេញដោយប្រទេសចិន ដោយសម្គាល់ថា នេះជា “ឱសថជំនួយ”សម្រាប់ជំរុញឱ្យសេដ្ឋកិច្ចចិនរីកចម្រើន ទៅកាន់កម្រិតថ្មីទៀត ។ ទិន្នន័យដំណើរការនៃសេដ្ឋកិច្ចជាតិ នៅបីត្រីមាសដើមឆ្នាំនេះ ដែលរដ្ឋាភិបាលចិនបានចេញផ្សាយកាលពីថ្ងៃទី១៨ខែតុលា បានបញ្ជាក់ពីការប៉ាន់ប្រមាណ ប្រកបដោយសុទិដ្ឋិនិយមនៃមជ្ឈដ្ឋានខាងក្រៅ។
តាមការគណនាជាជំហានដំបូងឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបនៅបីត្រីមាសដើមឆ្នាំនេះរបស់ចិន បានឡើងដល់៩៤,៩៧៤៦ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៤,៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នាឆ្នាំមុនដោយគិតតាមតម្លៃថេរ ។ ល្បឿនកំណើននេះទទួលបានដោយមិនងាយទេ ។ ចាប់តាំងពីចូលឆ្នាំនេះមក បរិយាកាសម៉ាក្រូមាន ភាពស្មុគស្មាញនិងបម្រែបម្រួលយ៉ាងខ្លាំង ហើយកម្លាំងសម្ពាធខាងក្រៅបានកើនឡើងជាបន្តបន្ទាប់ ព្រមពេលជាមួយគ្នានេះ សេដ្ឋកិច្ចចិនស្ថិតនៅដំណាក់កាលគន្លឹះ នៃការកែសម្រួលរចនាសម្ព័ន្ធ ប៉ុន្តែសេដ្ឋកិច្ចចិនបានទប់ទល់នឹង កម្លាំងសម្ពាធដែលប្រសិទ្ធភាពនៃគោលនយោបាយបានរំលេចចេញជាបន្តបន្ទាប់ សន្ទស្សន៍សេដ្ឋកិច្ចសំខាន់ៗ បានលេចចេញបម្រែបម្រួលវិជ្ជមាន និងរក្សានិន្នាការដែលដំណើរការដោយនឹងនរ ក៏ដូចជាបង្ហាញពីភាពធន់ និងសក្តានុពលដ៏ខ្លាំងក្លា ។
បើមើលពីសន្ទស្សន៍ម៉ាក្រូធំទាំងបួនគឺកំណើន ឱកាសការងារ អតិផរណានិងសមតុល្យនៃការទូទាត់អន្តរជាតិ អាចឃើញថា សេដ្ឋកិច្ចចិននៅតែដំណើរការយ៉ាងនឹងនរដដែល ហើយការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ក៏បានបោះជំហានទៅមុខ ប្រកបដោយភាពរឹងមាំដែរ ។ ជាពិសេស ចាប់តាំងពីចុងខែកញ្ញាមក ទន្ទឹមនឹងការពន្លឿនការដាក់ចេញ គោលនយោបាយ បន្ថែមមួយចំនួន បានធ្វើឱ្យជំនឿចិត្តក្នុងទីផ្សារកាន់តែខ្លាំងឡើង។
បម្រែបម្រួលនេះក៏បានបង្ហាញលើសកម្មភាព ដែលសហគ្រាសទុនបរទេសធ្វើអាជីវកម្ម ឱ្យកាន់តែស៊ីជម្រៅនៅប្រទេសចិនដែរ ។ ប៉ុន្មានថ្ងៃកន្លងទៅនេះ បន្ទប់ពិសោធន៍សិក្សាស្រាវជ្រាវ និងប្រើប្រាស់នៃក្រុមហ៊ុន Apple របស់អាមេរិកនៅក្រុង Shenzhen បានសម្ពោធដាក់ឱ្យប្រើប្រាស់។ កាលពីខែកញ្ញាឆ្នាំនេះ ក្រុមហ៊ុន Audi របស់អាល្លឺម៉ង់បានប្រកាសថា នឹងបង្កើតរចនាសម្ព័ន្ធផលិតផល ដែលមានទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រដែលសំដៅចំពោះទីផ្សាររបស់ចិន ។ ក្រុមហ៊ុនវេជ្ជសាស្ត្រ GE របស់អាមេរិកបានប្រកាសថា មានផែនការពង្រីកការវិនិយោគទុនទ្វេរដងលើ វិស័យសិក្សាស្រាវជ្រាវនៅប្រទេសចិន ក្នុងរយៈពេលបីឆ្នាំខាងមុខនេះ ។ល។ ក្រុមហ៊ុនទាំងនេះបានយល់ឃើញថា ចំពោះប្រទេសចិន ដែលជាទីផ្សារដ៏ធំមួយនេះ មិនត្រឹមតែត្រូវបោះជំហានចូលប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវ “រួមបញ្ចូល”ដែរ ពោលគឺឆ្លងតាមរយៈកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ធ្វើឱ្យទីផ្សារចិនក្លាយជាទីផ្សារធំសម្រាប់ ការចែករំលែកជាមួយពិភពលោក ។
បើមើលពីទិន្នន័យនៅបីត្រីមាសដើមឆ្នាំនេះ ការលក់ដូរនៃទីផ្សារចិនបានរក្សាកំណើន ទំហំសរុបនៃការលក់រាយទំនិញ ប្រើប្រាស់ក្នុងសង្គមបានកើនឡើង៣,៣ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នានាឆ្នាំមុន ។ គួរបញ្ជាក់ផងដែរថា ប្រសិទ្ធភាពនៃគោលនយោបាយស្តីពី ការផ្លាស់ប្ដូរទំនិញប្រើប្រាស់ចាស់ៗ ទៅជាថ្មីគឺច្បាស់លាស់ណាស់ ក្នុងនោះ វិស័យរថយន្ត និងគ្រឿងសម្ភារៈអេឡិចត្រូនិកប្រើប្រាស់ក្នុងផ្ទះជាដើម គឺមានលក្ខណៈលេចធ្លោ ។ ប្រព័ន្ធសារព័ត៌មានបរទេស បានកត់សម្គាល់ឃើញថា បច្ចុប្បន្ននេះ “សេដ្ឋកិច្ចបែបសាកល្បង” បានក្លាយជាចំណុចលេចធ្លោមួយនៃអាជីវកម្មប្រើប្រាស់របស់ចិន ។
បើនិយាយចំពោះសហគ្រាសទុនបរទេស ចិនមិនត្រឹមតែជា“ទីផ្សារលក់ដូរដ៏ធំ”មួយប៉ុណ្ណោះទេ ហើយកាន់តែជាវេទិកាដ៏ធំ នៃការច្នៃប្រឌិតថ្មីឈានមុខដែរ ។ ទន្ទឹមនឹង កម្លាំងផលិតកម្មគុណភាពថ្មី កកើតឡើងយ៉ាងឆាប់រហ័ស នៅបីត្រីមាសដើមឆ្នាំនេះ ល្បឿនកំណើននៃតម្លៃបន្ថែមនៃផលិតកម្មកម្មន្ដសាលបច្ចេកទេសខ្ពស់ ដែលមានទ្រង់ទ្រាយធំ និងមធ្យមរបស់ចិន គឺខ្ពស់ជាងល្បឿនកំណើននៃឧស្សាហកម្ម ដែលមានទ្រង់ទ្រាយធំនិងមធ្យម៣,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ការផលិតនិងប្រើប្រាស់ អគ្គិសនីដើរដោយថាមពលខ្យល់ អគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ និងអគ្គិសនីដើរដោយថាមពលប្រព័ន្ធ PV ជាដើមក៏បានរក្សាកំណើនឆាប់បង្គួរដែរ ។ តាមរបាយការណ៍ នៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៤បង្ហាញឱ្យដឹងថា ចំណាត់ថ្នាក់នៃសន្ទស្សន៍ច្នៃប្រឌិតថ្មីរបស់ចិន បានឡើងមួយលេខទៀត ដែលកាន់លំដាប់ថ្នាក់ទី១១ ។
បច្ចុប្បន្ននេះ ពិព័រណ៍ទំនិញនាំចេញនាំចូលរបស់ចិនកំពុងបើកធ្វើនៅក្រុង Guangzhou សន្ទស្សន៍ជាច្រើន បានបំបែកកំណត់ត្រាខ្ពស់ក្នុងប្រវត្តិសាស្ត្រ ។ ក្រៅពីនេះ នៅមានកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកា និងមហាសន្និបាតក្នុងវិស័យជាច្រើន នឹងបើកធ្វើនៅប្រទេសចិនដែរ ដែលនឹងជំរុញថែមមួយកម្រិត នូវការបើកទូលាយចំពោះ អន្តរជាតិប្រកបដោយកម្រិតខ្ពស់របស់ចិន ។ ទន្ទឹមនឹងការពន្លឿនការអនុវត្តវិធានការបើកទូលាយមួយចំនួន ដែលរៀបចំចាត់ចែងដោយកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ សហគ្រាសទុនបរទេសនឹងទទួលកាលានុវត្តភាពថ្មីកាន់តែច្រើន សម្រាប់ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន និងទទួលផលប្រយោជន៍នៅប្រទេសចិន៕
វិទ្យុមិត្តភាពកម្ពុជាចិន