(ហ្គាហ្សាស)៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីន នៅថ្ងៃអាទិត្យនេះបានរាយការណ៍ឱ្យដឹងថា មនុស្សចំនួន ៨៧ នាក់បានស្លាប់ ឬបាត់ខ្លួននៅក្រោមគំនរបាក់បែក បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ លើទីប្រជុំជន Beit Lahia ភាគខាងជើងហ្គាហ្សា ហើយមនុស្សជាង ៤០ នាក់ទៀតបានរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។
ទន្ទឹមគ្នានេះ ក្រសួងសុខាភិបាលហ្គាហ្សាបានអះអាងថា ប្រតិបត្តិការជួយសង្គ្រោះត្រូវបានរារាំងដោយសារបញ្ហាទំនាក់ទំនង និងប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅតែបន្តកើតមាននៅក្នុងតំបន់។ ជនរងគ្រោះនៅតែជាប់គាំងនៅក្រោមគំនរបាក់បែក ដោយសាររថយន្តសង្គ្រោះ និងក្រុមជួយសង្គ្រោះមិនអាចចូលទៅដល់ពួកគេបាន។
គួរបញ្ជាក់ថា ការវាយប្រហារនេះបានកើតឡើងនៅល្ងាចថ្ងៃសៅរ៍ ពីរសប្តាហ៍បន្ទាប់ពីការចាប់ផ្តើមនៃប្រតិបត្តិការដ៏សំខាន់មួយនៅជុំវិញទីក្រុង Jabalia ដែលមានទីតាំងនៅភាគខាងត្បូងនៃទីក្រុង Beit Lahia ជាកន្លែងដែលកងកម្លាំងអ៊ីស្រាអែលគាំទ្រដោយរថក្រោះ កំពុងព្យាយាមកំទេចយុទ្ធជនហាម៉ាសដែលនៅសេសសល់។
បេសកជនសន្តិភាពមជ្ឈិមបូព៌ារបស់អង្គការសហប្រជាជាតិ លោក Tor Wensland បានអំពាវនាវការការពារជនស៊ីវិល ដោយបានពិពណ៌នាទិដ្ឋភាពនៅហ្គាហ្សាថាគួរឱ្យរន្ធត់ ចំពេលការបន្តការវាយប្រហាររបស់អ៊ីស្រាអែល និងវិបត្តិមនុស្សធម៌កាន់តែអាក្រក់ទៅៗ។
គួរបញ្ជាក់ថា កងកម្លាំងអ៊ីស្រាអែលបាននិយាយថា ពួកគេបានសម្លាប់យុទ្ធជនប៉ាឡេស្ទីនប្រដាប់អាវុធរាប់សិបនាក់ បានរកឃើញអាវុធ និងរុះរើហេដ្ឋារចនាសម្ព័ន្ធយោធាជាច្រើនប្រភេទក្នុងអំឡុងប្រតិបត្តិការរបស់ខ្លួន ក្នុងទីក្រុង Jabalia ដែលជាជំរុំជនភៀសខ្លួនជាប្រវត្តិសាស្ត្រមួយ ក្នុងចំណោមជំរុំប្រវត្តិសាស្ត្រចំនួនប្រាំបីរបស់ហ្គាហ្សា៕