(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយបេក្ខជនប្រធានាធិបតីអាមេរិក នៃបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ ជាមួយការសង្កត់ធ្ងន់ថាអ៉ីស្រាអែលនឹងធ្វើការសម្រេចចិត្តដោយផ្អែកលើផលប្រយោជន៍របស់ខ្លួន។ នេះជាការបញ្ជាក់ពីការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី២០ ខែតុលា ដូច្នេះថា «លោកនាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ឡើងវិញពីអ្វីដែលលោកក៏ធ្លាប់បាននិយាយជាសាធារណៈផងដែរថា អ៉ីស្រាអែលយកចិត្តទុកដាក់ចំពោះបញ្ហាដែលលើកឡើងដោយរដ្ឋបាលអាមេរិក ប៉ុន្តែនៅទីបញ្ចប់ អ៉ីស្រាអែលនឹងធ្វើការសម្រេចចិត្តដោយផ្អែកលើផលប្រយោជន៍ជាតិរបស់ខ្លួន»

ដោយឡែក លោក ដូណាល់ ត្រាំ វិញបានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុង Philadelphia កាលពីថ្ងៃសៅរ៍ (ម៉ោងនៅសហរដ្ឋអាមេរិក) ថាលោកមានកិច្ចសន្ទនាតាមទូរស័ព្ទ ដ៏ល្អមួយជាមួយលោក ណេតាន់យ៉ាហ៊ូ។ លោក ត្រាំ បន្ថែមថាលោក ណេតាន់យ៉ាហ៊ូ ក៏បានសួរយោបល់ពីរូបលោកថាតើត្រូវដោះស្រាយបែបណាជាមួយអ៉ីរ៉ង់ផងដែរ។

គួរបញ្ជាក់ថា អ៉ីស្រាអែលកំពុងត្រៀមលក្ខណៈចាត់វិធានការយោធាសងសឹកអ៉ីរ៉ង់ សម្រាប់ការបាញ់ស្រោចមីស៊ីលបាលិស្ទីគលើអ៉ីស្រាអែលកាលពីដើមខែតុលាកន្លងទៅ ខណៈ លោក បៃដិន បានបង្ហាញការជំទាស់ទៅនឹងការវាយប្រហារណាម​ួយលើទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ដោយអ៉ីស្រាអែល៕