(ណៃពិដោ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅមីយ៉ាន់ម៉ា បានរាយការណ៍នាថ្ងៃចន្ទនេះថា នាវាយោធារុស្ស៉ីមួយក្រុម បានធ្វើដំណើរមកដល់​ប្រទេសអាស៊ានមួយនេះ ដើម្បីចូលរួមការធ្វើសមយុទ្ធយោធាដែនសមុទ្រ ជាមួយកងទ័ពជើងទឹកនៃរបបសឹកមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤។

សារព័ត៌មាន Global New Light of Myanmar បាននិយាយថា នាវាយោធារុស្ស៉ីសរុបចំនួន៥គ្រឿង មកពីកងកម្លាំងជើងទឹករុស្ស៉ីប្រចាំតំបន់ប៉ាស៉ីហ្វិក បានធ្វើដំណើរមកដល់កំពង់ផែ Thilawa នៃទីក្រុង Yangon កាលពីថ្ងៃអាទិត្យ ទី២០ ខែតុលា ដើម្បីចូលរួមការធ្វើសមយុទ្ធសន្តិសុខដែនសមុទ្ររួមគ្នាជាលើកទី២ រវាងមីយ៉ាន់ម៉ានិងរុស្ស៉ី។

កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក៏បានប្រកាសដែរថា ខ្លួននឹងធ្វើសមយុទ្ធយោធា រួមមានការបាញ់គ្រាប់ពិត នៅដែនទឹក ក្នុងភាគខាងជើងសមុទ្រ Andaman ចាប់ពីថ្ងៃទី២០ ដល់ទី២៤ ខែតុលា។ កងទ័ពជើងទឹកមីយ៉ាន់ម៉ានិងរុស្ស៉ី ធ្លាប់បានរួមគ្នាធ្វើសមយុទ្ធយោធា នៅសមុទ្រ Andaman កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា រួមជាមួយចិន រុស្ស៉ីគឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ របបសឹកមីយ៉ាន់ម៉ា ដោយបានផ្តល់សព្វាវុធ និងការគាំទ្រផ្នែកការទូត ស្របពេលដែលយោធា ជួបការលំបាកក្នុងការបង្រ្កាប ចលនាបះបោរប្រដាប់អាវុធ ដែលប្រឆាំងនឹងការធ្វើរដ្ឋប្រហារដណ្តើមអំណាច​របស់ខ្លួន កាលពីខែកុម្ភៈ ឆ្នាំ២០២១។ ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing ធ្លាប់បានធ្វើដំណើរទៅ​ប្រទេសរុស្ស៉ីប៉ុន្មានលើក ក្នុងនោះរួមមានទាំងជំនួបជាមួយ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីឆ្នាំ២០២២ ផងដែរ៕