(មូស្គូ)៖ ខណៈកំពុងប្រឈមនឹងទណ្ឌកម្មរបស់លោកខាងលិច រុស្ស៉ីគ្រោងបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តរបស់ខ្លួន នៅឯកិច្ចប្រជុំកំពូលនៃសមាគមប្រទេស BRICS ឱ្យឈប់ប្រើលុយដុល្លារសម្រាប់ការទូទាត់ជាសកល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ ២០២៤។
BRICS ដែលមានប្រេស៉ីល រុស្ស៉ី ឥណ្ឌា ចិន អាហ្រ្វិកខាងត្បូង នឹងរៀបចំកិច្ចប្រជុំឆ្នាំនេះ នៅថ្ងៃអង្គារ ទី២២ ខែតុលា ក្នុងទីក្រុង Kazan នៃប្រទេសរុស្ស៉ី។ រុស្ស៉ី ទំនងជាចង់បង្ហាញថាខ្លួនស៉ាំហើយ ចំពោះការប៉ុនប៉ងធ្វើឱ្យឯកោរបស់លោកខាងលិច ហើយបញ្ចុះបញ្ចូលសមាជិកផ្សេងទៀត ផ្លាស់ប្តូរប្រព័ន្ធហិរញ្ញវត្ថុសកល។
ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន គូសបញ្ជាក់ថា «ខ្ញុំជឿជាក់ថា តាមរយៈការធ្វើសកម្មភាពរួមគ្នាដោយការឯកភាព យើងអាចបំពេញសក្តានុពលប្រទេសយើង ក្នុងវិស័យសេដ្ឋកិច្ច វិនិយោគ បច្ចេកវិទ្យា និងធនធានមនុស្ស ដើម្បីពង្រឹងឥទ្ធិពលវិជ្ជមានរបស់ BRICS លើការអភិវឌ្ឍពិភពលោកឱ្យកាន់តែមានសុវត្ថិភាព»។
គួរបញ្ជាក់ថា លោក ពូទីន ក៏មានបំណងកាត់បន្ថយការពឹងផ្អែករបស់រុស្ស៉ី លើប្រាក់ដុល្លារផងដែរ បន្ទាប់ពីការដាក់កម្រិត ទប់ស្កាត់យ៉ាងទូលំទូលាយ ដោយបណ្តាប្រទេសលោកខាងលិច ក្រោយផ្ទុះសង្រ្គាមនៅអ៊ុយក្រែន។ ទណ្ឌកម្ម ដែលរួមបញ្ចូល នូវការបង្កកប្រាក់បម្រុងរូបិយប័ណ្ណបរទេស និងទ្រព្យសកម្មរបស់រុស្ស៉ី បានធ្វើឱ្យមានការលំបាកក្នុងការទូទាត់ផ្នែកពាណិជ្ជកម្ម។ ទីក្រុងមូស្គូ សង្ឃឹមថាជម្រើសដែលនឹងស្នើឡើង នឹងអាចដោះស្រាយបញ្ហានេះបាន។ ប៉ុន្តែក្រុមអ្នកសង្កេតការណ៍ និយាយថា វាជាបញ្ហាប្រឈមភាគច្រើនដ៏លំបាក សម្រាប់ប្រទេសនីមួយៗ ដែលមានផលប្រយោជន៍ខុសគ្នា៕