(បរទេស)៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងព័ត៌មានឥណ្ឌូនេស៊ី លោក Budi Arie Setiadi បានគូសបញ្ជាក់ពីកត្តាសំខាន់ៗដែលរួមចំណែកក្នុងការអូសទាញអ្នកវិនិយោគបរទេសក្នុងការវិនិយោគក្នុងវិស័យមជ្ឈមណ្ឌលទិន្នន័យ (Data Centre) នៅក្នុងប្រទេសម៉ាឡេស៊ី ជាពិសេសនៅតំបន់ Johor ។
លោកបាននិយាយថា ការវិនិយោគនៅក្នុងមជ្ឈមណ្ឌលទិន្នន័យក្នុងតំបន់ Johor ជាប្រភេទបញ្ញាសិប្បនិម្មិត (AI) និង Cloud ត្រូវបានគេព្យាករណ៍ថានឹងឈានដល់ ៣.៨ពាន់លានដុល្លារនៅឆ្នាំនេះ ដោយដកស្រង់របាយការណ៍របស់ធនាគារ Maybank ។ លោកបានបន្តទៀតថា ម៉ាឡេស៊ីផ្តល់អត្ថប្រយោជន៍សំខាន់ៗចំនួនបី៖ តម្លៃអគ្គិសនីដែលប្រកួតប្រជែង, ការលើកលែងពន្ធ និងភាពច្បាស់លាស់ផ្នែកច្បាប់ ដែលធ្វើឱ្យវាក្លាយជាគោលដៅទាក់ទាញសម្រាប់វិនិយោគិនបរទេស។
យោងតាមការចេញផ្សាយរបស់គេហទំព័រក្នុងស្រុក TrenAsia បានឲ្យដឹងថា អត្ថប្រយោជន័ដែលវិនិយោគិនបរទេសទទួលបាន មានទី១) ថ្លៃអគ្គិសនីគឺប្រាំបីសេនក្នុងមួយគីឡូវ៉ាត់ម៉ោង ទី២) ការលើកលែងពន្ធសម្រាប់ទំនិញមូលធន ហើយទី៣គឺមានភាពប្រាកដប្រជាផ្នែកច្បាប់ក្នុងការវិនិយោគ។
សារព័ត៌មាន CNBC បានចេញផ្សាយកាលពីខែមិថុនាថា ប្រទេសម៉ាឡេស៊ីបានក្លាយជាបណ្ដុំនៃមជ្ឈមណ្ឌលទិន្នន័យយ៉ាងឆាប់រហ័សជាងគេនៅតំបន់អាស៊ីអាគ្នេហ៍ ដែលជំរុញដោយការកើនឡើងនៃតម្រូវការ Cloud និង AI ហើយបច្ចុប្បន្ននេះ បានទាក់ទាញការវិនិយោគពីប្រទេសដែលមានតម្លៃរាប់ពាន់លានដុល្លារ ក្នុងនោះមានក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Microsoft, Nvidia និង Google ជាដើមនៅក្នុងតំបន់ Johor Baru ។
លោក James Murphy មកពីក្រុមហ៊ុនស៊ើបអង្កេតមជ្ឈមណ្ឌលទិន្នន័យ DC Byte បានព្យាករណ៍ថា តំបន់ Johor Baru នឹងវ៉ាដាច់ប្រទេសសិង្ហបុរីក្នុងពេលឆាប់ៗខាងមុខនេះ ដោយក្លាយជាមជ្ឈមណ្ឌលទិន្នន័យដ៏ធំបំផុតនៅក្នុងតំបន់ ដោយបានកើនឡើងពីសូន្យកាលពីពីរឆ្នាំមុន៕