(កៀវ)៖ រដ្ឋមន្រ្តីការពារជាតិ លោក Lloyd Austin បាននិយាយថា យោធាអាមេរិក បានរួសរាន់បញ្ជូន ប្រព័ន្ធការពារមីស៉ីលដ៏ទំនើបរបស់ខ្លួន ហើយឥឡូវនេះ វាបានទៅដល់ទីតាំងបញ្ឈរជើង ក្នុងប្រទេសអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ ២០២៤។
THAAD ឬប្រព័ន្ធការពារដែនអាកាស ដែលមានសមត្ថភាពប្រឆាំងមីស៉ីល នៅរយៈកំពស់ខ្ពស់ (Terminal High Altitude Area Defence) គឺជាឧបករណ៍ស៊េរីខ្ពស់មួយរបស់យោធាអាមេរិក ហើយវានឹងជួយការពារបន្ថែម ពីលើប្រព័ន្ធការពារមីស៉ីលដ៏ខ្លាំងក្លា របស់អ៊ីស្រាអែលដែលមានស្រាប់។ ថ្លែងចេញពីអ៊ុយក្រែន លោក Austin បានគូសបញ្ជាក់ថា «THAAD ឥលូវនេះ បានទៅដល់ទីតាំងហើយ។ យើងមានសមត្ថភាព ក្នុងការដំឡើងវាបានឆាប់រហ័ស ហើយកំពុងដើរតាមការរំពឹងទុក»។
គួរបញ្ជាក់ថា ក្រោយរងការបាញ់ប្រហារដោយមីស៉ីលជិត ២០០គ្រាប់ពីអ៉ីរ៉ង់ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសម្រេចដាក់ពង្រាយ ប្រព័ន្ធការពារមីស៉ីល THAAD រួមជាមួយទាហានអាមេរិកប្រហែល ១០០នាក់ សំដៅជួយការពារអ៉ីស្រាអែល ដែលកំពុងថ្លឹងថ្លែងលើចំណាត់ការសងសឹក ចំពោះការវាយប្រហារកាលពីថ្ងៃទី១ ខែតុលានោះ៕