(ឌូបៃ)៖ ក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ នៅថ្ងៃចន្ទ ទី២១ ខែតុលានេះ អ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baghaei បានឱ្យដឹងថា អ៉ីរ៉ង់បានផ្ញើលិខិតមួយជូនអង្គការឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ (UN) អំពីការគំរាមកំហែងមកលើទីតាំងនុយក្លេអ៊ែររបស់ខ្លួន ពីសំណាក់អ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Baghaei គូសបញ្ជាក់ថា «ការគំរាមកំហែងវាយប្រហារទីតាំងនុយក្លេអ៊ែរ គឺប្រឆាំងនឹងដំណោះស្រាយរបស់ UN ហើយត្រូវបានថ្កោលទោស។ យើងបានផ្ញើលិខិតអំពីបញ្ហានេះ ទៅកាន់អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់ UN ហើយ»។ តាមលោក Baghaei រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi កំពុងធ្វើដំណើរទៅកាន់ប្រទេសបារ៉ែន និងគុយវ៉ែត នៅថ្ងៃចន្ទនេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ភាពតានតឹងក្នុងតំបន់។
គួរបញ្ជាក់ថា អ៉ីស្រាអែល បានប្តេជ្ញាវាយប្រហារសងសឹក ទៅនឹងការវាយប្រហារដោយមីស៉ីលជិត ២០០គ្រាប់របស់អ៉ីរ៉ង់ កាលពីថ្ងៃទី១ ខែតុលា នាំឱ្យមានការរំពឹងទុកយ៉ាងទូលំទូលាយថា ទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ អាចស្ថិតក្នុងចំណោម គោលដៅរបស់អ៉ីស្រាអែល៕