(ចិន)៖ យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនឆ្លើយតប អំពីករណីដែលនាវាចម្បាំងនៃកងទ័ពអាមេរិកនិងកាណាដា បើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដោយ បានតាមឃ្លាំមើលនិងរក្សាភាពប្រុងប្រយ័ត្នក្នុងដំណើរការទាំងមូល ហើយបានដោះស្រាយ តាមច្បាប់និងបទប្បញត្តិ។

លោក Li Xi វរនាវីឯកនៃកងទ័ពជើងទឹកចិន និងជាអ្នកនាំពាក្យនៃយុទ្ធភូមិភាគខាងកើត នៃកងទ័ពរំដោះប្រជាជនចិនបានថ្លែងថា នៅថ្ងៃទី ២០ ខែតុលា នាវាប្រដេញឈ្មោះ USS Higgins (DDG-76) របស់អាមេរិក និងនាវាកាពារឈ្មោះ Vancouver របស់កាណាដាបានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដើម្បីឃោសនាបំផ្លើសជាសាធារណៈ។

យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បានរៀបចំចាត់ចែងឱ្យកងទ័ពជើងទឹក និងជើងអាកាសតាមឃ្លាំមើល និងរក្សាភាពប្រុងប្រយ័ត្នក្នុងដំណើរការទាំងមូល ព្រមទាំងដោះស្រាយតាមច្បាប់និងបទប្បញត្តិ។ ទង្វើនៃភាគីអាមេរិកនិងកាណាដា គឺកកូរកកាយដល់សភាពការណ៍ក្នុងតំបន់ បំផ្លាញសន្តិភាពនិងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់។ កងទ័ពនៃ យុទ្ធភូមិភាគខាងកើត នៃកងទ័ពរំដោះប្រជាជនចិនរក្សាភាពប្រុងប្រយ័ត្នខ្ពស់ ដើម្បីគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាពជាតិ ព្រមទាំងសន្តិភាព និងស្ថិរភាពក្នុងតំបន់៕

វិទ្យុមិត្តភាពកម្ពុជាចិន