(ហាណូយ)៖ សភាជាតិវៀតណាម នៅថ្ងៃចន្ទ ទី២១ ខែតុលានេះ បានបោះឆ្នោតតែងតាំងលោក Luong Cuong ជាប្រធានាធិបតី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការតែងតាំងលោក Luong Cuong ធ្វើឡើងបន្ទាប់ពីលោក To Lam បានសម្រេចចិត្តលាលែងចេញពីតំណែងប្រធានាធិបតី ដើម្បីទុកឱ្យតំណែងនេះឱ្យអ្នកផ្សេង ហើយរូបលោកបន្តកាន់តំណែង ជាអគ្គលេខាធិការបក្សកុម្មុយនិស្ដវៀតណាម។ មុនត្រូវបានតែងតាំងជាប្រធានាធិបតី លោក Cuong អាយុ៦៧ឆ្នាំ មានឋានន្តរសក្តិជានាយឧត្តមសេនីយ៍ (ផ្កាយ៤) និងបានកាន់តួនាទីជា សមាជិកអចិន្ត្រៃយ៍ នៃលេខាធិការដ្ឋានបក្សកុម្មុយនិស្ដវៀតណាម ចាប់តាំងពីខែឧសភា ឆ្នាំ២០២៤មក។
ដោយឡែក លោក To Lam ដែលមានអាយុ ៦៧ឆ្នាំ ត្រូវបានតែងតាំងជា អគ្គលេខាធិការថ្មីកាលពីដើមខែសីហាកន្លងទៅនេះ បូកបន្ថែមពីលើប្រធានាធិបតីនៅពេលនោះ ក្រោយមរណភាពរបស់លោក Nguyen Phu Trong។
*តើលោក Luong Cuong ជានរណា?
លោក Luong Cuong មានអាយុ៦៧ឆ្នាំ និងមានដើមកំណើតមកពីខេត្ត Phu Tho នៃភាគខាងជើងនៃប្រទេសវៀតណាម។ លោកជាសមាជិកម្នាក់នៃគណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការរដ្ឋាននៃគណបក្សកុម្មុយនិស្តវៀតណាម។ លោកបានចូលបម្រើការក្នុងជួរកងទ័ពវៀតណាម ក្នុងឆ្នាំ១៩៧៥ មុននឹងក្លាយជានាយករងនៃអគ្គនាយកដ្ឋាននយោបាយក្នុងឆ្នាំ២០១១ និងក្លាយជានាយកនៃអគ្គនាយកដ្ឋាននយោបាយក្នុងឆ្នាំ២០១៦។ នៅខែមករា ឆ្នាំ២០១៩ លោកត្រូវបានដំឡើងតំណែងជាឧត្តមសេនីយ៍ ដែលធ្វើឱ្យលោកក្លាយជាបុគ្គលទី១៥ ដែលបានកាន់តំណែងជាន់ ខ្ពស់នៅក្នុងជួរកងទ័ពវៀតណាម។
លោក Luong Cuong ត្រូវបានតែងតាំងដោយការិយាល័យនយោបាយជាសមាជិកអចិន្ត្រៃយ៍នៃលេខាធិការរដ្ឋាននៃគណៈកម្មាធិការមជ្ឈិមបក្សកាលពីខែឧសភា ឆ្នាំ២០២៤ ដើម្បីជំនួសលោកស្រី Truong Thi Mai។
គួរបញ្ជាក់ថា លោក Luong Cuong ត្រូវបានតែងតាំងជាប្រធានាធិបតីវៀតណាម សម្រាប់អាណត្តិពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៦។ លោកទទួលបានសំឡេងគាំទ្រ១០០ភាគរយពីសមាជិកសភា ៤៤០រូប។ នៅវៀតណាម រចនាសម្ព័ន្ធថ្នាក់ដឹកនាំ មានសសរស្តម្ភនៃតំណែងកំពូលៗចំនួន ៤ រួមមានអគ្គលេខាធិការបក្ស ប្រធានាធិបតី នាយករដ្ឋមន្រ្តី និងប្រធានរដ្ឋសភា៕