(ប៉េកាំង)៖ ប្រទេសចិនបានសម្តែងការថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារដោយគ្រាប់បែកលើស្ថានកុងស៊ុលរបស់ខ្លួននៅទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រសប្តាហ៍មុន និងបានជំរុញឱ្យអាជ្ញាធរមីយ៉ាន់ម៉ាខិតខំប្រឹងប្រែងដើម្បីចាប់ខ្លួនជនល្មើស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ ២០២៤។
ការវាយប្រហារនេះបានកើតឡើងក្នុងពេលដែលមានការកើនឡើង នៃអារម្មណ៍ប្រឆាំងចិននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីចិនបានដាក់សម្ពាធលើក្រុមឧទ្ទាមឱ្យបញ្ឈប់ការប្រយុទ្ធប្រឆាំងនឹងរបបយោធា។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានថ្លែងថា ការវាយប្រហារនេះមិនបានបណ្តាលឱ្យមានអ្នកស្លាប់ទេ ប៉ុន្តែបានបំផ្លាញផ្នែកខ្លះនៃស្ថានកុងស៊ុល។ លោក Lin បានបន្តថា ចិនបានសម្តែងការតវ៉ាយ៉ាងខ្លាំងទៅកាន់អាជ្ញាធរមីយ៉ាន់ម៉ា និងទាមទារឱ្យមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់ និងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទៅលើជនល្មើស។
ការវាយប្រហារនេះបានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីស្ថានភាពសន្តិសុខនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានធ្លាក់ចូលក្នុងភាពវឹកវរចាប់តាំងពីរដ្ឋប្រហារយោធាកាលពីឆ្នាំ ២០២១។ ស្ថានកុងស៊ុលចិនបានចេញការព្រមានដល់ពលរដ្ឋ អាជីវកម្ម និងក្រុមទាំងអស់របស់ខ្លួនក្នុងប្រទេសមីយ៉ាន់ម៉ា ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពសន្តិសុខ។
គួរបញ្ជាក់ថា សម្ពាធរបស់ចិនលើក្រុមឧទ្ទាម និងដំណើរទស្សនកិច្ចកាលពីខែសីហារបស់រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេមើលឃើញថាជាការគាំទ្រដល់របបយោធា។ នេះបានធ្វើឱ្យមានការរិះគន់ពីសំណាក់សកម្មជន និងប្រជាជនមួយចំនួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលយល់ថាចិនកំពុងរារាំងដល់ការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស។
ទោះជាយ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាមិនទាន់បានធ្វើអត្ថាធិប្បាយណាមួយទាក់ទងនឹងការវាយប្រហារនេះនៅឡើយទេ៕