(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នឹងធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ា នៅថ្ងៃចន្ទនេះ ដើម្បីជំរុញឱ្យមានបទឈប់បាញ់និងបើកការចរចាបញ្ចប់សង្រ្គាមនៅហ្គាហ្សានិងលីបង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ ២០២៤។
ដំណើរទស្សនកិច្ចនេះគឺជាលើកទី ១១ របស់លោក Blinken ទៅកាន់តំបន់នេះ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស់ មកលើអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣។
ស្ថានការណ៍កាន់តែស្មុគស្មាញ បន្ទាប់ពីអ៊ីស្រាអែលបានធ្វើឃាតមេដឹកនាំក្រុមហេសបូឡា នៅលីបង់ និងមេដឹកនាំក្រុមហាម៉ាស់ នៅហ្គាហ្សា រួមទាំង លោក Yahya Sinwar កាលពីសប្តាហ៍មុន។ អ៊ីស្រាអែលបានប្តេជ្ញាបន្តការវាយប្រហារ រហូតដល់ក្រុមហាម៉ាស់ត្រូវបានលុបបំបាត់ ខណៈដែលអ៊ីរ៉ង់និងសម្ព័ន្ធមិត្តបានប្តេជ្ញាបន្តការតស៊ូ បើទោះបីជាមានការបាត់បង់មេដឹកនាំក៏ដោយ។
លោក Blinken នឹងពិភាក្សាជាមួយមេដឹកនាំក្នុងតំបន់ អំពីវិធីបញ្ចប់សង្រ្គាមនៅហ្គាហ្សា កំណត់ផែនការក្រោយជម្លោះសម្រាប់តំបន់ប៉ាឡេស្ទីន និងស្វែងរកដំណោះស្រាយការទូត ចំពោះជម្លោះរវាងអ៊ីស្រាអែលនិងហេសបូឡា។ ប្រេសិតអាមេរិក លោក Amos Hochstein ក៏កំពុងធ្វើការជាមួយលីបង់និងអ៊ីស្រាអែល ដើម្បីស្វែងរករូបមន្តបញ្ចប់ជម្លោះ និងអនុវត្តដំណោះស្រាយ ១៧០១ របស់អង្គការសហប្រជាជាតិ ដែលបានបញ្ចប់សង្រ្គាមឆ្នាំ ២០០៦។
គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នានៅតាមព្រំដែនរវាងអ៊ីស្រាអែលនិងហេសបូឡា បានកើនឡើងក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ដោយហេសបូឡាបានបាញ់គ្រាប់រ៉ុក្កែតចូលទៅក្នុងអ៊ីស្រាអែល ដើម្បីគាំទ្រក្រុមហាម៉ាស់។ អ៊ីស្រាអែលបានឆ្លើយតបដោយការវាយប្រហារទៅលើហេសបូឡានៅក្នុងប្រទេសលីបង់។ ដំណើរទស្សនកិច្ចរបស់លោក Blinken នឹងផ្តោតលើការស្វែងរកដំណោះស្រាយបញ្ចប់អរិភាព និងស្តារស្ថិរភាពឡើងវិញនៅក្នុងតំបន់៕