(ហ្គាហ្សា)៖ កងទ័ពអ៊ីស្រាអែល នៅថ្ងៃចន្ទនេះបានបង្កើនប្រតិបត្តិការយោធានៅភាគខាងជើងតំបន់ហ្គាហ្សា ដោយបានឡោមព័ទ្ធមន្ទីរពេទ្យ និងជំរំជនភៀសខ្លួននៅភាគខាងជើងតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ ២០២៤។
កងទ័ពបានប្រមូលផ្តុំបុរស និងបញ្ជាឱ្យស្ត្រីចាកចេញពីជំរំជនភៀសខ្លួន Jabalia ដែលមានប្រវត្តិយូរលង់ណាស់មកហើយ។ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅតំបន់ Jabalia បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣ នាក់ និងរបួសជាច្រើននាក់ទៀត។ ទាហានអ៊ីស្រាអែលបានឡោមព័ទ្ធមន្ទីរពេទ្យឥណ្ឌូនេស៊ី និងមន្ទីរពេទ្យ Kamal Adwan ដោយមិនអនុញ្ញាតឱ្យនរណាម្នាក់ចូលឬចេញពីមន្ទីរពេទ្យទាំងនោះឡើយ។
ទន្ទឹមគ្នានេះ ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន UNRWA បានអះអាងថា អាជ្ញាធរអ៊ីស្រាអែលកំពុងរារាំងបេសកកម្មមនុស្សធម៌ មិនឱ្យចូលទៅកាន់តំបន់ភាគខាងជើងនៃតំបន់ហ្គាហ្សា ដែលធ្វើឱ្យប្រជាជនខ្វះខាតស្បៀងអាហារ ថ្នាំពេទ្យ និងសម្ភារៈចាំបាច់ផ្សេងៗទៀត។ ប្រមុខ UNRWA លោក Philippe Lazzarini បានថ្កោលទោសសកម្មភាពនេះ និងអំពាវនាវឱ្យអ៊ីស្រាអែលអនុញ្ញាតឱ្យជំនួយមនុស្សធម៌ចូលទៅដល់ប្រជាជនដែលត្រូវការជំនួយ៕