(ញូវយ៉ក)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី២១ ខែតុលា បាននិយាយថាវានឹងក្លាយជារឿងដ៏គ្រោះថ្នាក់ និងជាការវិវត្តដ៏គួរឱ្យព្រួយបារម្ភបំផុត ប្រសិនបើកូរ៉េខាងជើងពិតជា បញ្ជូនទ័ពទៅជួយរុស្ស៉ី ក្នុងសង្រ្គាមនៅអ៊ុយក្រែនមែននោះ ខណៈកូរ៉េខាងត្បូង និងចក្រភពអង់គ្លេសបានព្រមានថាទីក្រុងមូស្គូអាចនឹងផ្ដល់អំណោយដ៏ធំទៅឱ្យព្យុងយ៉ាងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅចំពោះមុខសមាជិកក្រុមប្រឹក្សាសន្តិសុខទាំង១៥ប្រទេស ឯកអគ្គរដ្ឋទូតរងរបស់សហរដ្ឋអាមេរិកប្រចាំ UN លោក Robert Wood បានគូសបញ្ជាក់ថាសហរដ្ឋអាមេរិកកំពុង ពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួនអំពីផលវិបាកដែលអាចកើតឡើង ប្រសិនបើការបញ្ជូនទ័ពកូរ៉េខាងជើងទៅជួយរុស្ស៉ីនៅអ៊ុយក្រែនគឺជាការពិតមែននោះ។ លោកបន្ថែមថាប្រសិនបើជាការពិតមែន នោះវានឹងក្លាយជារឿងដ៏គ្រោះថ្នាក់ និងជាការវិវត្តន៍ដ៏គួរឱ្យព្រួយបារម្ភបំផុត ហើយបង្ហាញពីទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅរវាងរុស្ស៉ី និងកូរ៉េខាងជើង។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចោទប្រកាន់ថាទីក្រុងព្យុងយ៉ាងកំពុងត្រៀមបញ្ជូនកងទ័ព ១០ ០០០នាក់ទៅកាន់រុស្ស៉ី ហើយជាថ្មីម្ដងទៀត ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំ UN លោក Sergiy Kyslytsya បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថាកងទ័ពកូរ៉េខាងជើងទាំងនេះអាចនឹងត្រៀមរួចរាល់សម្រាប់ការដាក់ពង្រាយ ទៅកាន់សមរភូមិប្រឆាំងអ៊ុយក្រែននៅថ្ងៃទី១ ខែវិច្ឆិកា។ ក្រៅតែពីអ៊ុយក្រែន កូរ៉េខាងត្បូង កាលពីសប្ដាហ៍មុនក៏បានអះអាងដែរថាកូរ៉េខាងជើងបានបញ្ជូនកងទ័ព ១៥០០នាក់ ទៅកាន់តំបន់ចុងបូព៌ាបំផុតរបស់រុស្ស៉ី ដើម្បីទទួលការបណ្ដុះបណ្ដាល និងសម្របខ្លួន មុននឹងត្រូវបញ្ជូនទៅប្រយុទ្ធអ៊ុយក្រែន។ ប៉ុន្តែខាងអាមេរិក និង NATO មិនទាន់អាចបញ្ជាក់ បានថាព័ត៌មាននេះពិតដែរ ឬក៏អត់ឡើយ។
គួរបញ្ជាក់ថា វិមានក្រឹមឡាំង កាលពីថ្ងៃចន្ទ បានបដិសេធមិនឆ្លើយទៅនឹងសំណួរដែលចោទសួរថាកងទ័ពកូរ៉េខាងជើងពិតជាត្រូវបានបញ្ជូនទៅអ៊ុយក្រែនមែនដែរ ឬក៏យ៉ាងណា នោះទេ? ប៉ុន្តែអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថាកិច្ចសហប្រតិបត្តិការរបស់ទីក្រុងមូស្គូជាមួយព្យុងយ៉ាង មិនមានគោលដៅប្រឆាំងនឹងប្រទេស ទី៣ណាមួយឡើយ៕