(មូស្គូ)៖ កិច្ចប្រជុំកំពូលនៃក្រុមប្រទេស BRICS បានចាប់ផ្តើមហើយ នៅថ្ងៃអង្គារ ទី២២ ខែតុលានេះ ខណៈរុស្ស៉ីចង់ឱ្យ វាក្លាយជាវេទិកាដ៏មានឥទ្ធិពលមួយ ដែលគ្មានលោកខាងលិច ប៉ុន្តែដៃគូរបស់ខ្លួនមកពី ចិន ឥណ្ឌា ប្រេស៉ីល និងពិភពអារ៉ាប់ បានជំរុញឱ្យលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន រកវិធីបញ្ចប់សង្រ្គាមអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ពូទីន បានប្រាប់ក្រុមអ្នកសារព័ត៌មាន មកពីប្រទេស BRICS ទាំងអស់ថា BRICS មិនធ្វើខ្លួនជាអ្នកប្រឆាំង នឹងនរណាម្នាក់ឡើយ ហើយការរួមចំណែកជំរុញ ដល់កំណើនសេដ្ឋកិច្ចពិភពលោក គឺជាការពិត។ លោកគូសបញ្ជាក់ដូច្នេះថា «BRICS ជាសមាគមប្រទេស ដែលធ្វើការជាមួយគ្នាដោយផ្អែកលើតម្លៃរួម ចក្ខុវិស័យនៃការអភិវឌ្ឍន៍ ហើយសំខាន់បំផុតនោះ គឺគោលការណ៍គិតគូរ អំពីផលប្រយោជន៍គ្នាទៅវិញទៅមក»។
ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន BRICS អំពីអនាគតនៃបទឈប់បាញ់ នៅអ៊ុយក្រែន លោក ពូទីន និយាយយ៉ាងខ្លីថា «រុស្ស៉ី នឹងមិនបោះបង់តំបន់ទាំង ៤ នៅភាគខាងកើតអ៊ុយក្រែន ដែលខ្លួនបាននិងកំពុងគ្រប់គ្រងផ្នែកខ្លះនោះឡើយ»។ តាមមន្រ្តីរុស្ស៉ីពីររូប ទោះជាមានការជជែកកាន់តែផុសផុល នៅក្នុងទីក្រុងមូស្គូ អំពីលទ្ធភាពនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ប៉ុន្តែគ្មានលទ្ធផលអ្វីជាដុំកំភួនទេ។
គួរបញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៉ិ ជីនពីង និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន ដ្រាម៉ូឌី បានមកចូលរួមកិច្ចប្រជុំកំពូល BRICS ខណៈអវត្តមានប្រធានាធិបតីប្រេស៉ីល លោក Luiz Inacio Lula da Silva។ លោក ពូទីន ក៏បានកោតសរសើរ ព្រះអង្គម្ចាស់ Sheikh Mohammed នាយករដ្ឋមន្រ្តីអេមីរ៉ាត់អារ៉ាប់រួម និងព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman ដែលមិនបានមកចូលរួមប្រជុំកំពូល ក្នុងទីក្រុង Kazan សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ទ្រង់ ក្នុងការសម្របសម្រួល លើបញ្ហាសង្រ្គាមអ៊ុយក្រែន។
ក្រៅពីនេះ រុស្ស៉ី ឥណ្ឌា និងចិន បានចាប់ផ្តើមជំនួបផ្លូវការ ដោយបន្ថែមប្រេស៉ីល អាហ្វ្រិកខាងត្បូង អេហ្ស៉ីប អេត្យូពី អ៊ីរ៉ង់ និងអេមីរ៉ាត់អារ៉ាប់រួម។ ដោយឡែក អារ៉ាប៊ីសាអូឌីត មិនទាន់បានចូលរួមជាផ្លូវការទេ។ តាមទិន្នន័យរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ការរួមចំណែករបស់ BRICS នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក ត្រូវបានព្យាករថានឹងកើនឡើងដល់ ៣៧ភាគរយនៅចុងឆ្នាំនេះ៕